ឯកឧត្តម ហ៊ែល តូនី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្រាវជ្រាវជលសាស្រ្តណានជីង ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្ដម ហ៊ែល តូនី អនុប្រធានក្តាប់រួមនៃអាជ្ញាធរទន្លេសាប នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង នៃក្រសួងធនធានទឹករបស់សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ដៃ ជីគុន (Dai Jiqun) ប្រធានវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីងនៃក្រសួងធនធានទឹកចិន ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង ទៅលើការគ្រប់គ្រងធនធានទឹក និងបរិស្ថាននៅតំបន់បឹងទន្លេសាប ព្រមទាំងការគ្រប់គ្រងបឹងទន្លេសាបឱ្យមាននិរន្តរភាព និងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រងបឹង ដូចជានៅបឹងតៃហ៊ូ (Taihu) និងបឹងផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម បានមានមតិស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូចិន និងបានជម្រាបជូនអំពីបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់មកលើបឹងទន្លេសាបទៅលើការគ្រប់គ្រងធនធានទឹក និងបរិស្ថានបឹងទន្លេសាប ដូចជាការគោករាក់បឹង និងស្ទឹងសំខាន់ៗនៅជុំវិញបឹងទន្លេសាបនារដូវប្រាំង និងមានជំនន់នៅរដូវវស្សា។ ឯកឧត្តម ក៏បានរំលឹកផងដែរអំពីដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូដែលអញ្ជើញមកអាជ្ញាធរទន្លេសាបនាពេលនេះ គឺផ្តើមចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្ត និងស្វ័យប្រវត្តិកម្ម ការអភិរក្សទឹកណានជីង (NIHWA) នៃក្រសួងធនធានទឹកចិន ដែលបានអនុវត្តន៍គម្រោងសាកល្បងសិក្សាគំរូបច្ចេកវិទ្យាសង្កេត និងបញ្ជូនទិន្នន័យជលសាស្រ្តសម្រាប់អាងទន្លេសាប និងការអញ្ជើញគណ:ប្រតិភូអាជ្ញាធរទន្លេសាបចូលរួមសន្និសីទអន្តរជាតិតៃហ៊ូស្តីពី ការគ្រប់គ្រងទឹកបឹងគូស៊ី (Gushi) នៅទីក្រុងវូស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម ដៃ ជីគុន សាស្រ្តាចារ្យតំណាងប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង បានជម្រាបជូនអំពីបេសកកម្ម តួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ព្រមទាំងផ្តល់ការចែករំលែកបទពិសោធន៍ជាច្រើនទៅលើការគ្រប់គ្រងទឹកនៅបឹងតៃហ៊ូ ដែលវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង អនុវត្តន៍ជោគជ័យ ទាំងការគ្រប់គ្រងទឹក បរិស្ថាន គុណភាពទឹក គ្រោះទឹកជំនន់ និងគោករាំងស្ងួត។

ឯកឧត្តម បានបញ្ជាក់ជូនពីការបន្តពង្រឹងចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លារវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង ដោយធ្វេីការគាំទ្រទាំងឧបករណ៍បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកបទពិសោធន៍តាមរយ:ទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ។
សូមបញ្ជាក់ជូនថា ក្នុងពិធីជំនួបពិភាក្សាការងារនេះដែរ អាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង នៃក្រសួងធនធានទឹករបស់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ពិធីចុះហត្ថលេខាលេីឯកសារចំនួន២ គឺទី១ ពិធីចុះហត្ថលេខាលេីអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិរវាងអាជ្ញាធរទន្លេសាប ដោយឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមនៃអាជ្ញាធរទន្លេសាប និងឯកឧត្តមសាស្ត្រាចារ្យ ដៃ ជីគុន ប្រធានវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្តណានជីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ ទិន្នន័យ ព័ត៌មាន ការតាមដាន ការវាយតម្លៃ ការស្រាវជ្រាវរួមគ្នា ការធ្វេីទស្សនកិច្ចសិក្សា និងការកសាងសមត្ថភាពទាក់ទងទៅនឹងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹកបឹងទន្លេសាប និងទី២ គឺពិធីចុះហត្ថលេខាលើឯកសារប្រគល់-ទទួលស្ថានីយ៍ និងឧបករណ៍សម្ភារៈនៃគម្រោងសហប្រតិបត្តិការសិក្សារួមរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្រ្ត និងស្វ័យប្រវត្តិកម្ម ការអភិរក្សទឹកណានជីង (NIHWA) នៃក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ចប់ការអនុវត្តគម្រោងសិក្សាគំរូបច្ចេកវិទ្យាសង្កេត និងបញ្ជូនទិន្នន័យជលសាស្រ្តសម្រាប់អាងទន្លេសាប ដែលមានស្ថានីយ៍ជលសាស្រ្ត និងឧតុនិយមស្វ័យប្រវត្តិចំនួន ១១ស្ថានីយ៍ ជុំវិញបឹងទន្លេសាប និងស្ថានីយ៍មេចំនួន១៕
ដោយ៖ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





