អភិបាលខេត្ដកំពង់ស្ពឺអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខ្នងភ្នំគិរីរម្យដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចំនួន២២នាក់ (មកពីខេត្តស្វាយរៀង) រងគ្រោះធ្ងន់ស្រាល ដែលជួបឧបទ្ទវហេតុនៅចំណុចខ្នងភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ថា គ្រោះថ្នាក់ពិតជាមើលមិនឃើញនោះទេ ការធ្វេសប្រហែសតែមួយវិនាទីគឺបណ្តាលឱ្យយើងជួបគ្រោះថ្នាក់ភ្លាម ដោយបានលើកឡើងថា "ខ្ញុំមានការសោកស្តាយ ដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ នេះដែលបានកើតឡើងនឹកស្មានមិនដល់"។

ជាមួយគ្នានោះដែរ ឯកឧត្តមបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋដែលបានជួបគ្រោះថ្នាក់ជាយថាហេតុទាំងអស់ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបគ្រោះថ្នាក់ផ្សេងៗជាប្រចាំ។ ជាងនេះសម្តេចបានដាស់តឿនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕

ដោយ លឹម សាន្ត





