ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះនេត្រព្រះ ដែលប្រព្រឹត្តទៅនៅអគារបច្ចេកទេស វិទ្យាល័យជប់វារី ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តមុនីសាគររហាល ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាព កងកម្លាំងទាំងបី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្ត្រៃយ៍ស.ស.យ.ក. ខេត្ត លោកប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានផ្នែកទាំង៧ សមាជិក សមាជិកា នៃលេខាធិការដ្ឋានសស.យ.ក. ខេត្ត រដ្ឋបាលឃុំ នាយក លោកគ្រូ អ្នកគ្រូ និងក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ។

ក្នុងឱកាសនោះ លោក កែ សួន សុភាព បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះនេត្រព្រះ ដែលបានរួមគ្នាជំរុញសកម្មភាពយុវជនក្នុងស្រុកឱ្យកាន់តែមានភាពសកម្ម និងប្រសិទ្ធភាព និងបានលើកទឹកចិត្តដល់គណៈកម្មាធិការថ្មីឱ្យបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការអភិវឌ្ឍយុវជន និងសង្គមជាតិ។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា យុវជនគឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ នឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់យុវជនឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។

លោកក៏បានបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងចូលរួមក្នុងការកសាងសង្គមប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ លោក កែ សួន សុភាព បានធ្វើការផ្ដាំផ្ញើ និងបទពិសោធន៍មួយចំនួនបន្ថែមដល់លោក លោកស្រី ប្រធានអនុប្រធានសមាជិកសមាជិកា (ស.ស.យ.ក.) ស្រុកព្រះនេត្រព្រះ ត្រូវយកចិត្តទុកដាក់ក្នុងការដឹកនាំប្រកបដោយគុណធម៌ និងចរិយាសម្បត្តិ គោរពគ្នាទៅវិញ រក្សាភាពថ្លៃថ្នូររបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ដោះស្រាយបញ្ហាផ្ទៃក្នុងជូនសមាជិក សមាជិកា របស់ខ្លួនមានការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន បង្កើតអនុស្សាវរីយ៍ ការសហការកៀរគរ ការកែសម្រួលសមាជិកសមាជិការបស់ថ្នាក់ដឹកនាំ៕

ដោយ ឈុន សារ៉ាត





