ឯកឧត្តម ប៉ែន ផល្លីកា អញ្ជើញចុះត្រួតពិនិត្យកន្លែងអភិរក្សជលផលកំពង់ប្រាក់ ក្នុងខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធជាច្រើនរូប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ និងត្រួតពិនិត្យកន្លែងអភិរក្សជលផលកំពង់ប្រាក់ទំហំ ២៧០០ហិកតា ដោយបានបោះបង្គោលជ្រុំ និងសម្រាស់កន្លងមកបាន ២០០កន្លែងសម្រាប់ជាជម្រកត្រី ស្ថិតនៅភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានកោតសរសើរដល់ក្រុមការងារចម្រុះ រួមមានផ្នែកសង្កាត់ដែលឈរជើង ដែលបានសហការជាមួយក្រុមការងារកងយោធពលខេមរភូមិន្ទទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប ខេត្ដពោធិ៍សាត់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារ ទប់ស្កាត់កន្លងមកបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តអនុរដ្ឋលេខាធិការ បានផ្ដល់មតិណែនាំដល់ក្រុមការងារឱ្យពង្រឹងបន្ថែមទៀតលើបទល្មើសនេសាទឆក់ បទល្មើសចល័ត និងជាពិសេសការពារកន្លែងអភិរក្សជលផលត្រូវចេញល្បាតទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃ ដោយក្រុមការងារជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយផ្លែផ្កា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





