រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងគាំទ្រដល់យោធិនសោធននិវត្តន៍គ្រប់រូប
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈ បង្កស្លាប់ បាត់ខ្លួន និងសោធននិវត្តន៍នៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃកម្ពុជាជានិច្ចកាលបន្តការយកចិត្តទុកដាក់ និងគាំទ្រដល់យោធិនសោធននិវត្តន៍គ្រប់រូប។ ថ្លែងយ៉ាងដូច្នេះក្នុងឱកាសឧត្តមសេនីយ៍ឯក សំ ចាន់ធួន ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិជូនយោធិនសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ចំនួន៧៣នាក់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ជូនអំពីការដោះស្រាយប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភជូនដល់យោធិនសោធននិវត្តន៍ នៅពេលនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចំពោះយោធិនសោធននិវត្តន៍ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើជាតិមាតុភូមិ។ ប្រាក់ឧបត្ថម្ភនេះគឺជាការលើកទឹកចិត្ត និងរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅរបស់យោធិនសោធននិវត្តន៍ និងគ្រួសារ។ សូមបងប្អូនចាត់ចែងយកថវិកានេះ ដើម្បីប្រកបមុខរបររកទទួលទាន ដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗ រួមចំណែកថែរក្សាឱ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះនៅគង់វង្សជារៀងរហូតសូមយោធិនសោធននិវត្តន៍ទាំងអស់ រក្សាសុខភាពល្អ និងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់នៅក្នុងពិធីនេះ ត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគមអតីតយុទ្ធជនកម្ពុជា៕



ដោយ ឈុន សារ៉ាត





