ថវិកាគោលនយោបាយក្រសួងការពារជាតិ ត្រូវបានបើកជូនយោធិនចូលសោធននិវត្តន៍យោធភូមិភាគទី៤ សម្រាប់ឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ -- នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិជូនដល់យោធិនសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ១២៣រូប និងតំបន់ប្រតិបត្តិការសឹករងសៀមរាបចំនួន ៤០រូប ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្ករស្លាប់បាត់ខ្លួន និងសោធននិវត្តន៍នៃក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន និងគណៈប្រតិភូអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្ករស្លាប់បាត់ខ្លួន និងសោធននិវត្តន៍ បានពន្យល់ និងដោះស្រាយគោលនយោបាយនានារបស់អង្គភាពមានជាអាទិ៍ ការអប់រំសតិអារម្មណ៍ លើកទឹកចិត្ត និងមតិណែនាំមួយចំនួនក្នុងការសម្របសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មុនពេលបែកគ្នាទៅកាន់មូលដ្ឋាន ក្នុងជីវភាពជាជនស៊ីវិលដល់យោធិនដែលត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍ក្នុងឆ្នាំ២០២៤ ហើយកន្លងមកអង្គភាពក៏បានដោះស្រាយនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនតាមលទ្ធភាពរបស់អង្គភាពផងដែរ។

លោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់នៅក្នុងពិធីនេះ ត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគមអតីតយុទ្ធជនកម្ពុជា។ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ជូនអំពីការដោះស្រាយប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភជូនដល់យោធិនសោធននិវត្តន៍នៅពេលនេះ គឺជាការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្នុងឱកាសទទួលបានប្រាក់គោលនយោបាយនេះ សូមបងប្អូនចាត់ចែងយកថវិកានេះ ដើម្បីប្រកបមុខរបររកទទួលទានដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗ រួមចំណែកថែរក្សាឱ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត។

ថ្លែងក្នុងពិធីនេះ ឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជាការរងយោធភូមិភាគទី៤ បានមានមតិផ្តាំផ្ញើដល់យោធិនទាំងអស់ដែលបានចូលសោធននិវត្តន៍ចំនួន ១៦៣រូប ថា ពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកចម្រើន និងផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ ដើម្បីបន្តវេនរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើន៕
ដោយ៖ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





