ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញទទួលស្វាគមន៍ឯកឧត្តម លី គូយីង រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ -- ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម លី គូយីង (Li Guoying) រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ។


ឯកឧត្ដម ឈា ប៊ុនរិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិននឹងអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម លី គូយីង នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងចូលរួមពិធីសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា-យូនីសេហ្វ ត្បូង-ត្បូង ស្តីពីភាពធន់នឹងអាកាសធាតុ (គម្រោង WASH) ក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ព្រមទាំងធ្វើដំណើរទៅកាន់ទីតាំងអនុវត្តគម្រោងសហប្រតិបត្តិការមួយចំនួន ក្រោមហិរញ្ញប្បទានរបស់ប្រទេសចិន ទស្សនកិច្ចបណ្តាស្ថានីយ៍ជលសាស្ត្រ លេខាធិការដ្ឋានអាជ្ញាធរទន្លេសាប និងអញ្ជើញចុះស្វែងយល់អំពីបឹងទន្លេសាប ជលសាស្រ្ដ ជីវភាពរស់នៅរបស់ប្រជាជន និងសារៈសំខាន់នៃបឹងទន្លេសាបសម្រាប់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តសៀមរាប៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





