ឯកឧត្តម ហ៊ែល តូនី ចុះអនុស្សរណៈយោគយល់គ្នាជាមួយមជ្ឍមណ្ឌលធនធានទឹកមេគង្គ-ឡាងឆាង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ -- ឯកឧត្ដម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមេគង្គ-ឡានឆាង ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ្ស៊ូ ហ្ស៊ីវៃ (Dr. Zhou Zhiwei) អគ្គលេខាធិការមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ (LMC)។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម បានជម្រាបជូនគណៈប្រតិភូអំពីតួនាទី ភារកិច្ច បេសកកម្មស្នូល និងសមិទ្ធផលស្នាដៃដែលអាជ្ញាធរទន្លេសាបសម្រេចបាន ដោយផ្សារភ្ជាប់នឹងបញ្ហាប្រឈម និងវិធានការទប់ស្កាត់ផលប៉ះពាល់មកលើបឹងទន្លេសាបនាពេលបច្ចុប្បន្ន និងទៅអនាគត រួមជាមួយការលើកឡើងអំពីភាពទំនាក់ទំនងរវាងបឹងទន្លេសាប ជាមួយទន្លេមេគង្គ។ ឯកឧត្តមបានបង្ហាញអំពីឆន្ទៈច្បាស់លាស់ទៅលើការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយូរអង្វែងរវាងអាជ្ញាធរទន្លេសាប និងមជ្ឈមណ្ឌល LMC ចាប់តាំងពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដែលបានទទួលការអនុញ្ញាតទៅចូលរួមសន្និសីទអន្តរជាតិតៃហ៊ូ (Taihu) ស្តីពីការគ្រប់គ្រងទឹកបឹងគូស៊ី (Gushi) នៅទីក្រុងវូស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក។\


ឯកឧត្តមបណ្ឌិត ហ្ស៊ូ ហ្ស៊ីវៃ តំណាងប្រតិភូមជ្ឍមណ្ឌល LMC ក៏បានណែនាំអំពីគោលបំណងនៃការចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដោយបានរៀបរាប់អំពីសាវតានៃការចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរទន្លេសាប និងបានប្រៀបធៀបភាពស្រដៀងគ្នានៃបឹងមួយចំនួននៅប្រទេសចិន ដូចជាបឹងតុងគីង និងបឹងពូយ៉ាងជាដើម ជាមួយនឹងបឹងទន្លេសាប។

នៅក្នុងពិធីជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងអាជ្ញាធរទន្លេសាប ដោយឯកឧត្តម សរ គឹមសាន អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត ហ្ស៊ូ ហ្ស៊ីវៃ អគ្គលេខាធិការមជ្ឈមណ្ឌល LMC ដើម្បីពង្រឹងសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ ទិន្នន័យ ព័ត៌មាន ការតាមដាន ការវាយតម្លៃ និងការស្រាវជ្រាវរួមគ្នា ការគ្រប់គ្រងចំណេះដឹង ទស្សនកិច្ចសិក្សា និងការកសាងសមត្ថភាពទាក់ទងទៅនឹងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅបឹងទន្លេសាប និងដើម្បីរៀបចំគម្រោងស្នើសុំថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តរួមគ្នានៅអាងទន្លេសាប ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងធំចំនួនពីរ គឺទី១ ដើម្បីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងអាជ្ញាធរទន្លេសាប និងមជ្ឍមណ្ឌល LMC និង ទី២ គឺដើម្បីរៀបចំគម្រោងដើម្បីអនុវត្តរួមគ្នានៅអាងទន្លេសាបតាមរយៈថវិកានៃសាធារណៈរដ្ឋប្រជាមានិតចិន៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





