ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥របស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ទីប្រឹក្សាក្រសួងសុខាភិបាល លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុក ប្រធានមណ្ឌលសុខភាព និងលោកមេឃុំ ចៅសង្កាត់ប្រមាណជាង៣០០នាក់។

ឯកឧត្តមបណ្ឌិត ស្រី ស៊ីន បានបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ដូចនេះគោលបំណងនៃការរៀបចំធ្វើសន្និបាតសុខាភិបាលនៅថ្ងៃនេះគឺដើម្បីពិនិត្យមើលលទ្ធផលការងារសុខាភិបាល ដែលបានសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅគឺឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ។ អង្គសន្និបាតនឹងពិនិត្យមើល ស្វែងយល់ពីបញ្ហាប្រឈមនានាដែលជួបប្រទះ ដែលជាឧបសគ្គរាំងស្ទះដល់ដំណើរការនៃការអនុវត្តកិច្ចការរបស់ខ្លួន និងពិភាក្សារកដំណោះស្រាយចាំបាច់សម្រាប់កែលម្អ និងបង្កើននូវប្រសិទ្ធភាពការងារ និងការអភិវឌ្ឍខ្លួនដើម្បីធានាបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌។

ទន្ទឹមនឹងនេះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ ២០២៤កន្លងទៅនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ សមិទ្ធផលដែលទទួលបាននេះគឺពិតជាបានមកដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់គ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមគាំទ្រ និងសហការល្អពីគ្រប់ស្ថាប័នពាក់ពន្ធ័អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកឡើងអំពីការកើនឡើងនូវការប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ ការកើនឡើងនូវអត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យលើសពី១០០ភាគរយ និងការថយចុះនូវអត្រាស្លាប់ក្រោម១ភាគរយ (០,៦៧ភាគរយ)។ ការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ការធ្វើឱ្យមានវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាអេដស៍-របេង-គ្រុនចាញ់-គ្រុនឈាម និងជំងឺមិនឆ្លងនានាដូចជាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ការអភិវឌ្ឍកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកបន្ថែមនូវមូលដ្ឋានសុខាភិបាល ដូចជាមណ្ឌលសុខភាពនៅតាមតំបន់មួយចំនួន ដើម្បីឱ្យមានតុល្យភាពនៃការគ្រប់ដណ្តប់សេវាសុខាភិបាលទៅតាមកំណើននៃប្រជាជននៅមូលដ្ឋាន។ ការផ្តល់នូវសេវាគាំពារសង្គមផ្នែកថែទាំព្យាបាលដល់ប្រជាពលរដ្ឋ ដោយសមធម៌ ពិសេសអ្នកប្រើប្រាស់បណ្ណមូលនិធិសមធម៌ បណ្ណប.ស.ស និងគ្រួសារពលរដ្ឋដែលងាយរងហានិភ័យ។

ឯកឧត្តមអភិបាលខេត្តបានផ្តល់នូវអនុសាសន៍មួយចំនួនគឺត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាពប្រសិទ្ធិភាព សមធម៌ ធានានូវសេវា២៤ម៉ោងលើ២៤ម៉ោង។ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈប្រកាន់យកនូវឥរិយាបថរួសរាយរាក់ទាក់ និងការប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកជំងឺ។ បំពាក់បំប៉នបន្ថែម និងជាប្រចាំនូវជំនាញបច្ចេកទេសដើម្បីអភិវឌ្ឍសមត្ថភាព។ ខិតខំបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗដើម្បីជាជំនួយដល់ការពិនិត្យ និងព្យាបាល។ ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារ បន្ទប់សម្រាក សម្ភារដំណេកឱ្យមានផាសុកភាព។ធានានូវអនាម័យល្អ បរិស្ថានល្អ និងកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ។ ផ្តល់ការអប់រំសុខភាពនិងផ្សព្វផ្សាយនូវព័ត៌មានសុខាភិបាលនានាឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ។ ខិតខំត្រួតពិនិត្យយកចិត្តទុកដាក់ការផ្តល់សេវាសុខាភិបាលឯកជនការគ្រប់គ្រងឱសថក្លែងក្លាយ និងខូចគុណភាព។ សហការឱ្យបានកាន់តែល្អប្រសើរជាមួយនឹងអាជ្ញាធរមូលដ្ឋានអង្គភាពពាក់ព័ន្ធនិងដៃគូអភិវឌ្ឍនានាដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដែលជាកត្តានាំមកនូវជោគជ័យការងារ៕

ដោយ ស៊ុម វណ្ណា





