ព្រះខ័នរាជស្វាយរៀងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះក្រុម Madura United ពាន AFC Challenge League
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League ដោយត្រូវប៉ះជាមួយក្រុម Madura United របស់ឥណ្ឌូណេស៊ី បន្ទាប់ពីបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា នៅវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផលសរុបទាំងពីរជើង ៧-៤។

នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី២ កាលពីល្ងាចថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៥ នៅកីឡដ្ឋាន THUWUNNA (YANGON) ម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា បានបើកការនាំមុខលើក្រុមព្រះខ័នរាជស្វាយរៀង ២-០ ហើយនៅវគ្គទី២ ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចបាន១គ្រាប់តាមពីក្រោយវិញ ១-២។ កាលពីជើងទី១ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Shan United ដោយលទ្ធផល ៦-២ សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង ឈ្នះ ៧-៤។

តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យក្លឹបតំណាងកម្ពុជានេះបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមMadura United របស់ឥណ្ឌូណេស៊ី ចំនួនពីរជើងដែរ ដោយជើងទី១ ក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្រុម Madura United នៅកម្ពុជា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ហើយជើងទី២ ក្រុម Madura United ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅទឹកដីឥណ្ឌូណេស៊ី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ដោយឡែក ២ក្រុមផ្សេងទៀត ដែលត្រូវជួបគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះដែរ គឺក្រុមAl-Arabi របស់ប្រទេសគុយវ៉ែត ត្រូវប៉ះជាមួយក្រុម Arkadag របស់តួកមេនីស្ថាន ដោយផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ចំនួនពីរជើងដូចៗគ្នា។

គួររម្លឹកថា នៅក្នុងប្រវត្តិជួបគ្នា វគ្គសន្សំពិន្ទុក្នុងពូល E ព្រះខ័នរាជស្វាយរៀង ធ្លាប់ចាញ់ Madura United ១-២ ក្នុងពានរង្វាន់ AFC Challenge League ២០២៤-២០២៥នេះ៕

ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





