សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះពិនិត្យទីតាំងត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥-- សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ថា គណៈកម្មការរៀបចំទីតាំងត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក រៀបចំចាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណារៀបចំកម្មវិធីប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លខេត្តកំពង់ឆ្នាំងនៅឆ្នាំនេះឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសប្រជាពលរដ្ឋដែលធ្វើការងារចំណាកស្រុកបានមកលេងបុណ្យច្រត់ព្រះនង្គ័ល ប្រកបដោយភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាខែឧសភាឆ្នាំ២០២៥ក្នុងពេលឆាប់ៗនេះ។ សម្តេចមហាមន្ត្រីបានមានប្រសាសសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលទីតាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូរបស់ក្រសួងព្រះបរមរាជវាំង និងមន្រ្តីជំនាញផងដែរ។

ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរខេត្តកំពង់ឆ្នាំងដែលជាអាជ្ញាធរមូលដ្ឋានត្រូវធ្វើយ៉ាងណាបង្កលក្ខណៈឱ្យសប្បាយរីករាយ ជាពិសេសរៀបព្រឹត្តិការណ៍ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យបានធំ និងអធិកអធមជាងបណ្ដាឆ្នាំមុនៗ ព្រោះថាការរៀបចំពិធីនេះគឺបានចូលរួមចំណែកថែរក្សាអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ រួមទាំងបានផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។ មិនតែប៉ុណ្ណោះ គឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្ដុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែររបស់យើងផងដែរ។

ទន្ទឹមនឹងនេះសម្តេចមហាមន្ត្រីបានមានប្រសាសន៍បន្តថា ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថារដូវវស្សារបានចូលមកដល់ហើយ។ ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿន ហើយប្រទេសកម្ពុជាក៏ជឿនលឿន តាមគោលការណ៍ទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុន បង្កើតជារោងចក្រ សហគ្រាសទាំងតូច មធ្យម គ្រប់ប្រភេទ ក៏ពិតមែន ប៉ុន្តែវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានបន្តរួមចំណែកប្រមាណជា៤០ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប។

ក្នុងបរិបទនេះ សម្តេចមហាមន្ត្រីបានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាននៅក្នុងកន្លែងនីមួយៗឱ្យបានល្អប្រសើរ ត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គិភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានរលូន និងសុវត្ថិភាព៕

ដោយ បៃ ស៊ីថុន





