សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា មានការកើនឡើងបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានលើកឡើថា សម្ដេចចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងឥណ្ឌា មានការកើនឡើងបន្ថែមទៀត ក្នុងខណៈបច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មរវាប្រទេសទាំងពីរ មានតែប្រមាណជាង ៣៤០លានដុល្លារអាម៉េរិកនោះ។ នេះបើតាមការឱ្យដឹង របស់អ្នកនាំពាក្យ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះ ឯកឧត្តម Vanlalvawna Bawitlung ដែលត្រូវបានទទួលនូវការតែងតាំងថ្មី ជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរជាណាចក្រកម្ពុជា ហើយសម្ដេចតេជោសង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្ដមក្នុងនាមជាអ្នកបំពេញការងារការទូតនៅកម្ពុជានោះ នឹងធ្វើឱ្យទំនាក់ទំនងប្រទេសកម្ពុជា និងឥណ្ឌា កាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោក៏សង្ឃឹមដែរថា ក្នុងពេលដែលប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងល្អនៅពេលនេះ អាចនឹងញ៉ាំងកម្ពុជា និងឥណ្ឌាមាន ទំនាក់ទំនងល្អបន្ថែមទៀតក្នុងពេលដែលឯកឧត្ដមបំពេញការងារ។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌានៅពេលនេះ នឹងចង់ឃើញាទំនាក់ទំនងនេះកាន់តែល្អប្រសើរថែមទៀត ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ដោយសម្ដេចតេជោ បានជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ប៉ុន្តែការកើនឡើងនេះវាពុំទាន់សមស្របទៅនឹងសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ព្រោះបច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតែប្រមាណជាង ៣៤០លានដុល្លារអាម៉េរិក។ ដូច្នេះសម្ដេចចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជា វិនិយោគ និងទេសចរណ៍ផងដែរ នៅក្នុងបរិបទប្រទេសទាំងពីរមានការកើនឡើងជាមួយគ្នា ស្រមទៅនឹងសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានជំរុញឱ្យមានជើងហោះហើររវាងកម្ពុជា-ឥណ្ឌា ឱ្យកាន់តែច្រើនថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទ្វភាគី រវាងរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ រួមទាំងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ សម្ដេចតេជោ ក៏បានអរគុណ និងស្វាគមន៍ចំពោះការជួយរបស់ឥណ្ឌា ក្នុងការផ្ដល់អាហារូបករណ៍ ដល់និស្សិត និងព្រះសង្ឃកម្ពុជា ក៏ដូចជា ការផ្ដល់ជំនួយដល់កម្ពុជា តាំងពីគ្រាលំបាក ក្នុងឆ្នាំ១៩៨១ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងល្អប្រសើររបស់ប្រទេសទាំងពីរ (កម្ពុជា និងឥណ្ឌា)។

ក្នុងឱកាសនោះឯកឧត្តម Vanlalvawna Bawitlung បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្ដមបានចូលជួបសម្ដែងការគួរសម ក្នុងនាមឯកឧត្ដមជាឯកអគ្គរដ្ឋទូតថ្មី ហើយបានគូសរំលេច អំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌា ដែលមានភាពល្អប្រសើរជាមួយគ្នា ជាពិសេសទាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែក នីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ ឯកឧត្ដមបានប្ដេជ្ញាចិត្តថា ក្នុងអាណត្តិការទូតរបស់ឯកឧត្ដមផ្ទាល់ នឹងញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អបន្ថែមទៀត រួមទាំងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពស្អិតរមួត ក៏ដូចជា ការផ្លាស់ប្ដូរនូវទំនាក់ទំនងទ្វេភាគីរវាងថ្នាក់ដឹកនាំទាំង នីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ឱ្យមានការកើនឡើងបន្ថែមទៀត។ ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានគូសរំលេចផងដែរថា ប្រទេសកម្ពុជា និងឥណ្ដា មានចំណងមិត្តភាពតាំងពីឆ្នាំ១៩៥២មក ហើយនៅក្នុងឱកាសឆ្នាំ២០២៧ ខាងមុខ គឺជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្ដមក៏បានបញ្ជាក់ ពីការត្រៀមខ្លួនរបស់ឥណ្ឌា ក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទេសចរ ដែលត្រូវរួមសហការគ្នា ដើម្បីញ៉ាំងឱ្យទំនាក់ទំនងខាងនយោបាយរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ឯកឧត្ដម ក៏បានសន្យាដែរថា នឹងពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ៕

ដោយ៖ជឹម ណារី





