ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ បញ្ហាគ្រឿងញៀនបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀនបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយមិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ស្របជាមួយបញ្ហាអសន្តិសុខសកលដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិតបានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួនក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរណ៍ ជាពិសេសនៅតំបន់ត្រីកោណមាស និងអឌ្ឍចន្ទមាស។ ការលើកឡើងរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ដូចនេះធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែឈរលើគោលការណ៍ដ៏រឹងមាំ មុតស្រួច ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។

ឯកឧត្តមបន្តថា ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយគឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង» ក្នុងការចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណាដែលមានការជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។

បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែលបង្ក្រាបបានកើន ៣១,៨៤ភាគរយ និងគ្រឿងញៀនចាប់យកកើន ៣៩៩ភាគរយ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើ ៣១,៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន ២៧.០៧១នាក់ កើន ៣៥,៥៣ភាគរយ គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១តោន ៩២០គីឡូក្រាម ស្មើ ៣៩៨,៨២ភាគរយ (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥គីឡូក្រាម ថយចុះ ៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូងនិងអាម៉េរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





