មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំគឺចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ សម្បទាទាំង៥នេះអាចសម្រេចបាននោះគឺចាំបាច់ទាមទារការចូលរួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារ និងមហាជនកម្ពុជាគ្រប់រូប។

លោកជំទាវបានលើកឡើងដូច្នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សា ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីលោក ជា វាន់ចាន់ អភិបាលរងខេត្តកំពង់ធំ មន្ទីរពាក់ពន្ធ័ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ប្រមាណជាង១០០នាក់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតបានពាំនាំនូវប្រសាសន៍ដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា គឺដើម្បីមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិជាពលរដ្ឋសកលបាន មនុស្សចាំបាច់ត្រូវមានសុខភាពល្អ គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់អនុវត្តតាមផែនការប្រតិបត្តិ១០ឆ្នាំរបស់យើង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខភាពសិក្សា ដោយបានរៀបចំជាសំណុំយុទ្ធសាស្ត្រ និងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សា និងសេវាកម្មសុខភាពនានា ដើម្បីលើកកម្ពស់សុខភាពតាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវា សុខភាពចាំបាច់ ការលើកកម្ពស់អនាម័យបរិស្ថាននិងការផ្គត់ផ្គង់ទឹកស្អាតដល់បុគ្គលិកអប់រំ និងអ្នកសិក្សាជាដំណាក់កាលៗផងដែរ។

ក្នុងឱកាសនោះ លោក ជា វាន់ចាន់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡាតែងតែគិតគូរពីសុខភាពសិក្សាដើម្បីពង្រឹងគុណភាពអប់រំដើម្បីកូនចៅជាទំពាំងយើងលូតលាស់បានល្អ៕


ដោយ ស៊ុម វណ្ណា





