កិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពត
AKP កំពត ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលសន្និសីទបូកគោ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ចំពោះស្ថានភាពភូមិសាស្ត្រនយោបាយ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងខេត្តមានភាពល្អប្រសើរ។ ជាក់ស្តែងបញ្ហាឆបោករបស់ក្រុមហ៊ុន ជា សារ៉ន កន្លងមកនេះរដ្ឋបាលខេត្តបានអនុវត្តនូវគោលការណ៍របស់សម្តេចធិបតី ដោយបានឱ្យប្អូនប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនូវអ្វីដែលពួកគាត់ត្រូវទទួលបានពីក្រុមហ៊ុនជា សារ៉ន មានដូចជាបណ្ណកម្មសិទ្ធិដីធ្លី និងបណ្ណកាន់កាប់តូបជាដើម។ គិតចាប់តាំងពីថ្ងៃបើកទទួលពាក្យ នៅថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១០ ខែមីនានេះ ពលរដ្ឋមកដាក់ពាក្យចំនួន ៣ ៧០៣នាក់ លើ៥ ៧៧៧នាក់ ហើយ ឯកឧត្តមវាយតម្លៃថា បញ្ហាក្រុមហ៊ុន ជា សារ៉ននេះ នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។


ឯកឧត្តមបានគូសបញ្ជាក់ដែរថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត គម្រោងអភិវឌ្ឍន៍ជាច្រើននឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ខណៈដែលក្រុមហ៊ុនបរទេស២បានមកបើករោងចក្រផលិត និងកែច្នៃស្វាយ និងរោងចក្រផលិតគ្រឿងវេជ្ជសាស្ត្រនៅខេត្តកំពត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរថា បច្ចុប្បន្នវិស័យកសិកម្ម និងវិស័យទេសចរណ៍បានក្លាយជាឆ្អឹងខ្នងដ៏សំខាន់របស់ខេត្ត និងបានជំរុញដល់អាជ្ញាធរ ពិសេសមន្ត្រីមន្ទីរកសិកម្ម និងទេសចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ ចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំ ចងក្រងជាសហគមន៍ ដាំដុះបន្លែ ដំណាំហូបផ្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរឱ្យបានគ្រប់គ្រាន់ ព្រោះមិនអាចឱ្យខេត្តមួយ មានភ្ញៀវទេចរមកលេងច្រើនហើយ បែជាគ្មានអាហារ នំចំណី ផ្លែឈើសម្រាប់លក់នោះទេ។


ទន្ទឹមនឹងនេះ ឯកឧត្តមបានរំលេចផងដែរថា ក្រោយពីស្ថាបនាសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងរួច រដ្ឋបាលខេត្តចាប់ផ្តើមស្ថាបនាស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកមួយបន្ថែមទៀត ហើយក្នុងអំឡុងពេលស្ថាបនាស្ពានជិតរួច រដ្ឋបាលខេត្តនឹងបន្តស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ប្រណិតមួយ ដើម្បីស្រូបទាញភ្ញៀវទេសចរ មកលេងនៅខេត្តកំពតកាន់តែច្រើន ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ដោយ ប្រាក់ លាង





