ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អំពាវនាវឱ្យក្រុមហ៊ុនទាំងអស់គោរពច្បាប់ និងមិនត្រូវបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យក្រុមហ៊ុនទាំងអស់គោរពច្បាប់ ដើម្បីប្រយោជន៍ប្រជាជនមានទឹកស្អាតប្រើប្រាស់ ហើយបើមិនគោរពច្បាប់ទេប្រទេសយើងមិនអាចមានបរិស្ថានល្អទេ និងក្រសួងក៏ត្រូវចាត់វិធានការចំពោះក្រុមហ៊ុនដែលមិនគោរពច្បាប់ទាំងនោះផងដែរ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី២គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានរោងចក្រជាង១០០រោងចក្រដែលសុទ្ធសឹងរោងចក្រដែលមានលទ្ធភាពបង្ហូរសារធាតុពុល ឬក៏មិនធ្វើអាងប្រព្រឹត្តកម្មទេទឹកដែលបង្ហូរចេញនាំមកក្នុងការបំពុលបរិស្ថានជាពិសេសប្រភពទឹកស្អាតរបស់យើង ប៉ុន្តែរហូតមកទល់ពេលនេះមិនមែនក្រុមហ៊ុនទាំងអស់នេះមិនល្អទេ គឺមានក្រុមហ៊ុនល្អច្រើនវិនិយោគប្រកបទៅដោយការយកចិត្តទុកដាក់ និងការគោរពវិស័យបរិស្ថាន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គិតរហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន៧ហើយដែលក្រសួងបានរកឃើញថាបានលួចបង្ហូរទឹកកខ្វក់មានសារជាតិពុលចូលទៅក្នុងទឹកស្អាតរបស់យើង។ ក្រុមហ៊ុនទាំង៧នេះ ក្រសួងបានចាត់វិធានការតាមផ្លូវច្បាប់ហើយ និងក្នុងនោះក៏មានក្រុមហ៊ុន១នៅក្រុងព្រះសីហនុ ក៏ត្រូវបានបញ្ជូនទៅតុលាការដែរ ដែលបច្ចុប្បន្ននេះកំពុងដំណើរការក្នុងតុលាការក្រមបរិស្ថានរបស់យើង។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដែរថា មានក្រុមហ៊ុនចំនួន៣ទៀតបានដឹងខ្លួនមកសុំទោស។ក្រុមហ៊ុនទាំង៣នោះបានធ្វើការសុំទោស ហើយក៏បានធ្វើការកែតម្រូវ សុំធ្វើការបង់ផាកពិន័យទៅវិញដែរ។ ឥឡូវមានក្រុមហ៊ុនចំនួន៤ក្នុងដៃរបស់យើងដែលកំពុងតែអនុវត្តផ្លូវច្បាប់ ដែលគាត់មិនទាន់អនុវត្តបានត្រឹមត្រូវ។ ក្រៅពីនេះក៏មានក្រុមហ៊ុនមួយទៀតគាត់បានតវ៉ាគឺក្នុងព្រែកមួយនោះគាត់បំពុលទឹក គឺយប់ឡើងមានក្លិនស្អុយធ្វើឱ្យប្រជាជនមិនអាចរស់នៅបានរយៈពេល៣ឆ្នាំកន្លងមកហើយ។ ក្រសួងបានរកឃើញ ពេលដែលមន្ត្រីបរិស្ថានចាប់គាត់ឡើងមកជួប គាត់តវ៉ាបដិសេធថាគាត់មិនបានបង្ហូរទឹកស្អុយចូលក្នុងព្រែកទេ។ ក្រសួងបរិស្ថានចុះទៅពិនិត្យយកសំណាកទឹកពិនិត្យដើម្បីអនុវត្តតាមផ្លូវច្បាប់ហើយដែរ។


ដោយឡែកលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ការិយាល័យនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានថ្លែងឱ្យដឹងថា គម្រោងពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកគឺជាគំនិតផ្តួចផ្តើមរយៈពេល ៣ ឆ្នាំ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦។ គម្រោងនេះមានគោលបំណងផ្តោតទៅលើការបង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ ដោយផ្អែកលើអនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព ទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់។ ព័ត៌មានលម្អិតអំពីសមិទ្ធផលកាលពីឆ្នាំមុននេះនឹងមាន បង្ហាញជូននៅក្នុងវគ្គបន្តបន្ទាប់៕
ដោយ៖ ដេប៉ូ





