ឯកឧត្តម ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីការងារអាទិភាព និងសមិទ្ធផលដែលក្រសួងបានសម្រេចបាន រួមមានការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញឌីជីថលគ្រប់កម្រិត ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។

ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា លើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល និងសន្តិសុខឌីជីថល និងបានគូសបញ្ជាក់អំពីការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





