រដ្ឋបាលរាជធានីភ្នំពេញ៖ ការដ្ឋានស្ពានអាកាសមរតកតេជោ (ក្បាលថ្នល់) សម្រេចបាន៩៩%ហើយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៩៩% ហើយ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ថា ស្ពានអាកាស «មរតកតេជោ» នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើយ និងដើម្បីដោះស្រាយការកកស្ទះចរាចរនៅទីតាំងនោះផងដែរ មុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ។

ទន្ទឹមនឹងនេះ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ខាងមុខ។ ស្ពានអាកាសកម្ពស់២ជាន់នេះនឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះត្រូវបានឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញជាអធិបតីក្រុងពលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនា។ ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។
ជាមួយគ្នានេះដែរ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបានលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះតេជោអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ៕
ដោយ សួស សំរិត





