ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរ អញ្ជើញចុះមកពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដើម្បីវាយតម្លៃសក្តានុពល និងគ្រោងការងារអភិវឌ្ឍន៍ភូមិនេះជាភូមិគំរូគន្លឹះ ផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សុខភាព ការអប់រំ កសិកម្មជាតិ និងការរួមចំណែកពីសហគមន៍ កាលពីរសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមប្រឹក្សាឃុំបន្ទាយឆ្មារផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការវិនិយោគសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាល្អប្រសើរ និងទូលំទូលាយ ព្រមទាំងបានជម្រាបអំពីយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព អភិវឌ្ឍសហគមន៍ឌីជីថល និងចលនាភូមិគំរូធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ ផាសុកភាព និងមានកិត្យានុភាពល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការអរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានខិតខំរួមដំណើរក្នុងការអភិវឌ្ឍជនបទ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងនឹងបន្តធ្វើឱ្យភូមិបន្ទាយឆ្មារត្បូងក្លាយជាម៉ូដែលអភិវឌ្ឍន៍ដ៏ច្បាស់លាស់មួយ។

សូមបញ្ជាក់ថា ភូមិបន្ទាយឆ្មារត្បូង ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ១ ៩៣១,២២ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ៣ហិកតា ផ្ទៃដីធ្វើកសិកម្ម ១ ៥៦៧,២២ហិកតា និងផ្ទៃដីលំនៅដ្ឋាន ៣៦១ហិកតា ដែលមានខ្នងផ្ទះចំនួន ៥៦៨ខ្នង សើ្មនឹង ៥៨៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ខ្វាត់ខ្វែងមានមត្ដេយ្យសហគមន៍មានសក្ដានុពលខាងផ្នែកកសិកម្ម និងមានដំណាំត្រសក់ផ្អែម និងឪឡឹក ពិសេសមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍បែបវប្បធម៌ រួមមានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបុរាណនានាក្នុងឃុំនោះផងដែរ៕

ដោយ ឈុន សារ៉ាត





