ឯកឧត្តម អ៊ុន ចាន់ដា ជួបពិភាក្សាការងារជាមួយធនាគារជាតិនៃកម្ពុជា
AKP កំពង់ចាម ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- ក្នុងឱកាសជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តកំពង់ចាម និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់លោកជំទាវបណ្ឌិត ជា សិរី ជួយទប់ស្កាត់ការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋដែលខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង និងសូមធនាគារជាតិនៃកម្ពុជាជួយផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឱ្យទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុល។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឱ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រឡប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។ ដូច្នេះ រដ្ឋបាលខេត្តនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើសុំឱ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឱ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន។ រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។

មានប្រសាសន៍ក្នុងកិច្ចជំនួប លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ផ្ទាល់ពីបុរីដែលមានអត្រាការប្រាក់ខ្ពស់ ងាកមកខ្ចីសាច់ប្រាក់ពីធនគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅបង់ផ្ដាច់វិញ ដើម្បីទទួលបានការប្រាក់ទាប។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតបានបញ្ជាក់បន្ថែមថា ផែនការបន្ត ធនាគារជាតិនៃកម្ពុជានឹងស្វែងរកដំណោះស្រាយ សម្រាប់ប្រជាកសិករដែលកម្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកទិញជី និងសម្ភារបម្រើវិស័យកសិកម្ម ឱ្យមានការបញ្ចុះអត្រាការប្រាក់ទាប នាពេលខាងមុខ៕


ដោយ ឆាយ ម៉ុត





