ក្រសួងព័ត៌មាន និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួបប្រជុំពិភាក្សា និងពិនិត្យឡើងវិញលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបប្រជុំ ដើម្បីធ្វើការពិនិត្យឡើងវិញលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំជំនាញ ដែលបានយកចិត្តខ្ពស់ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមដែលមានការពាក់ព័ន្ធជាមួយគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ទោះបីក្រសួងពីរផ្សេងគ្នាក៏ដោយ តែបម្រើផលប្រយោជន៍រួម ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងទាំងពីរ គឺស្ថិតក្នុងប្រព័ន្ធ “ជវភាពនៃប្រព័ន្ធតូអង្គតែមួយ” ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើឱ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់យើង។



ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ដូច្នេះការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តន៍ដោយក្រសួង ស្ថាប័នសាមី ត្រូវផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះ ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនូវការអរគុណចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និង ថ្នាក់ដឹកនាំបច្ចេកទេស ជំនាញ របស់ក្រសួងព័ត៌មាន ដែលបានរួមសហការគ្នាល្អជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានរួមគ្នាធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ ដើម្បីឱ្យមានស៊ីចង្វាក់គ្នា ហើយមិនជាន់ការងារគ្នា អនុវត្តន៍រួមគ្នា ជាមួយកិច្ចសហការ និងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕



ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





