ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបិទវគ្គអប់រំនយោបាយជំនាន់ទី៣៣ សម្រាប់មន្ត្រី និងសមាជិកគណបក្សក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃ០២ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបិទវគ្គអប់រំនយោបាយជំនាន់ទី៣៣ នារសៀលថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមចំនួន ៨៤នាក់ (ស្រី ១៨នាក់)។

លោក ស កក្កដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីវគ្គអប់រំនយោបាយជំនាន់ទី៣៣ ដោយកន្លងមក គណបក្សក្រុងបានបើកវគ្គអប់រំនយោបាយ ៦លើក ហើយវគ្គជំនាន់ទី៣៣ នេះ មានសិក្ខាកាមចូលរួមចំនួន ៨៤នាក់ (ស្រី ១៨នាក់) ដោយវគ្គអប់រំនយោបាយនេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។
ឆ្លងតាមការពិនិត្យលទ្ធផលនៃការយល់ដឹង សិក្ខាកាមចំនួន ៤១រូបមានការយល់ដឹងល្អ (៧៨%) សិក្ខាកាមចំនួន ៣៨រូបមានការយល់ដឹងល្អបង្គួរ (៦៩%)។ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងបិទវគ្គអប់រំនយោបាយជំនាន់ទី៣៣ តាមរយៈមេរៀនទាំង៦ ដែលគ្រូឧទ្ទេសបានធ្វើការចែករំលែកចំណេះដឹងដល់សិក្ខាកាម ជាការឆ្លើយតបការអនុវត្តនៅមូលដ្ឋាន ស្របតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយគ្រប់ជ្រុង ជ្រោយក្នុងការដឹកនាំប្រទេសជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំយុវជនក្រៅប្រទេសធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន។
ឯកឧត្តមប្រធានគណបក្សខេត្តបានបន្តថា មេរៀនដែលបានយកមកឧទ្ទេសនាមក្នុងវគ្គនេះ មានដូចជា៖ ១. ប្រវត្តិ សកម្មភាព ស្មាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់គណបក្ស ២.ការងារចលនាមហាជន ៣. កម្មវិធីនយោបាយរបស់គណបក្ស ៤. ការយល់ដឹងលក្ខន្តិក:គណបក្ស ៥. សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ និង ៦. ការកសាងអត្តចរិត និងសីលធម៌ល្អប្រពៃរបស់គណបក្ស។

ឯកឧត្តមប្រធានគណបក្សបានបញ្ជាក់ថា យើងជាសមាជិកគណបក្សត្រូវពង្រឹងសមត្ថភាព និងពង្រីកសមាជិកនៅក្នុងមូលដ្ឋានជាគោលដៅ យើងត្រូវការអ្នកបន្តវេននៅមូលដ្ឋាន គឺចាប់ផ្តើមពីសាខាបក្សភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ហើយចំពោះសមត្ថភាព គឺផ្តើមចេញពីការងារតូចៗ ហើយភាពជោគជ័យធំវាកើតចេញពីជោគជ័យតូចៗរួមគ្នា ដើម្បីឱ្យប្រទេសជាតិខ្លាំង គឺផ្តើមចេញពីប្រជាពលរដ្ឋខ្លាំងក្នុងការពង្រឹងសមត្ថភាពអ្នកបន្តវេន ដើម្បីភាពជោគជ័យរបស់យើងទាំងអស់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានធ្វើការចែករំលែកសភាពការណ៍អន្តរជាតិទៅដល់សមាជិកដែលបានចូលរួម ដោយយើងជាសមាជិកគណបក្សត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យវគ្គអប់រំនយោបាយជំនាន់ទី៣៣ ទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖ ងូ សុមុនី





