ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានការិយាល័យកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ខឺ ស៊ី KE XUE ប្រធានការិយាល័យកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ និងសហការី នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។

លោក ខឺ ស៊ី KE XUE ប្រធានការិយាល័យកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ បានជម្រាបជូនឯកឧត្តមអភិបាលខេត្ត ថាគោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត និងបានកោតសរសើរខេត្តព្រះសីហនុថាមានភាពស្រស់ស្អាតទាក់ទាញ និងជាអំណោយផលល្អក្នុងការវិនិយោគ និងទេសចរណ៍។ ការិយាល័យកុងស៊ុលចិនមានឆន្ទ:ក្នុងការជួយផ្សព្វផ្សាយអំពីធនធានវិស័យទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ ព្រោះវាបានផ្តល់អត្ថប្រយោជន៍ទៅដល់ប្រទេសទាំងពីរចិន និងកម្ពុជា។ កម្ពុជាបានបណ្តុះបណ្តាលគណ:កម្មការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយប្រទេសយើងទាំងពីរមានកិច្ចសហប្រតិប្តិការប្រឆាំងនឹងល្បែងស៊ីសងអនឡាញ ព្រោះវាបង្កគ្រោះថ្នាក់ខ្លាំងរវាងប្រទេសចិន និងកម្ពុជា។ យើងបានមើលឃើញពីការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងជួយផ្សព្វផ្សាយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការវាងប្រទេសទំាងពីរទទួលបានផលប្រយោជន៍ ហើយការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាថែរក្សាទំនាក់ទំនងចិន កម្ពុជាកាន់តែល្អថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ កម្ពុជា និងចិនមានទំនាក់ទំនងការទូត៦៧ឆ្នាំមកហើយ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប រួមគ្នាកសាងសមាគមន៍រួមតែមួយ ហើយប្រទេសកម្ពុជា និងចិនមានទំនាក់ទំនងជាយូរមកហើយតាំងពីសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បន្តមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអគុណលោកអគ្គកុងស៊ុលចិនដែលបានមើលឃើញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ខេត្តស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគខេត្តព្រះសីហនុ ជាខេត្តស្នូលមួយក្នុងចំណោមខេត្តឆ្នេរសមុទ្រទាំង៤របស់កម្ពុជា។ ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ចំនួន៣ ក្នុងនោះផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង។ ផ្លូវអាកាសមានព្រលានយន្តហោះអន្តរជាតិអាចទទួលគ្រប់ប្រភេទយន្តហោះ មានផ្លូវរត់៣៣០០ម៉ែត្រ ប្រភេទ 4E។ ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ដោយឡែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជាបីដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ មានជម្រៅទឹកចាប់ពី១៤,៥០ម៉ែត្រ ដល់១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះផ្ទុក១៦ម៉ឺនតោនចូលចតបាន។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ជំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដោយធ្វើការបែងចែកជា ៤ប្លុក គឺ៖ ១. តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២. តំបន់ទីក្រុងសមាហរណ្មកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុ ៣. បណ្តាកោះជាតំបន់ទេសចរណ៍ ៤. ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ជាតំបន់ទេសចរណ៍ និងកសិឧស្សាហកម្ម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគសម្រាប់ខេត្តព្រះសីហនុ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគ ហើយកម្មវិធីជំរុញការវិនិយោគនេះ ក្នុងការជួយសម្រួលបែបបទ និងផ្នែកព័ន្ធដល់អ្នកវិនិយោគផងដែរ តាមរយ:តំបន់សេដ្ឋកិច្ចពិសេស និងកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីឈានឆ្ពោះទៅការអភិវឌ្ឍេរីកចម្រើននៅក្នុងខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី





