ឯកឧត្តម នួន ផារ័ត្ន អញ្ជើញកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពៅពិសី
AKP កំពង់ធំ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាមហៅ "វត្តពៅពិសី" ស្ថិតនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង ជាបណ្ណាល័យជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាលតែគួរឱ្យសោកស្តាយបំផុតកាលពីរបបប្រល័យពូជសាសន៍ប៉ុលពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ បច្ចុប្បន្ននេះដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។ នៅទូទាំងខេត្តកំពង់ធំមានវត្តអារាមចំនួន២៩៧វត្តក្នុងនោះមានធម្មយុត្តិ០៤វត្ត និងមានអាស្រម២២កន្លែងដែលមានព្រះសង្ឃគង់នៅសរុបចំនួន ៣៧១២អង្គ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការដែលយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យថា "អរគុណសន្តិភាព" បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស ដោយសារប្រជាពលរដ្ឋកម្ពុជា យល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតហេតុនេះបន្តប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់ព្រះចៅអធិការវត្ត គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តនិងអាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចនៅក្នុងបរិវេណវត្ត និងរៀបចំបរិស្ថានឱ្យបានស្អាតដើម្បីឱ្យពុទ្ធបរិស័ទមកគោរពបូជារៀងរាល់ថ្ងៃសីល និងកម្មវិធីបុណ្យទានផ្សេងៗ។

សូមបញ្ជាក់ថា ព្រះវិហារថ្មីដែលបញ្ចុះខណ្ឌសីមានាពេលនេះមានបណ្ដោយប្រវែង២៤ម៉ែត្រទទឹងប្រវែង១២ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ បានដំណើរការកសាងនៅឆ្នាំ២០១៩ ហើយបានសាងសង់រួចរាល់នៅដើមឆ្នាំ២០២៥នេះ៕
ដោយ ស៊ុម វណ្ណា





