សិក្ខាសាលាស្តីពីការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តវិស័យអប់រំអនុវិស័យឧត្តមសិក្សាឆ្នាំ២០២៤-២០២៨
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- អគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា នាខេត្តកំពង់ចាម ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តវិស័យអប់រំអនុវិស័យឧត្តមសិក្សាឆ្នាំ២០២៤-២០២៨ និងកិច្ចពិភាក្សាលើលទ្ធផលគន្លឹះសម្រាប់រៀបចំក្របខណ្ឌលទ្ធផលរយៈពេល៥ឆ្នាំរបស់គ្រឹះស្ថានឧត្តមសិក្សា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជនក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ចំនួន៣៦គ្រឹះស្ថាន។

សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងចំនួន២គឺ៖ ១) ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តវិស័យអប់រំអនុវិស័យឧត្តមសិក្សាឆ្នាំ២០២៤-២០២៨ និង២) ពិភាក្សាអំពីការកំណត់សូចនាករសមិទ្ធិកម្មគន្លឹះ និងគោលដៅប្រចាំឆ្នាំ ដើម្បីរៀបចំក្របខណ្ឌលទ្ធផលរយៈពេល៥ឆ្នាំរបស់គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ឱ្យបន្ស៊ីទៅនឹងផែនការសកម្មភាពរួមរបស់អនុវិស័យឧត្តមសិក្សា៕


ដោយ៖ ចាន់ សុភឿន ប្រភព៖ ក្រសួងអប់រំ





