ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាំយកថវិការបស់សប្បុរសជនដទៃទៀតទៅប្រគល់ជូនដល់មន្ទីរពេទ្យនៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិករដ្ឋសភា និងជាតំណាងសមាគមឱសថការីខ្មែរ Nexty Pharm នៅប្រទេសបារាំង និងឯកឧត្ដម ជាង សិឡាសុមាឫទ្ធិវង្ស អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញនាំយកថវិការបស់លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថវិកាបរិច្ចាគពីសមាគមឱសថការីខ្មែរ នៅប្រទេសបារាំង Nexty Pharm និងថវិកាបរិច្ចាគពីសប្បុរសជនជាច្រើនទៀតក្នុងកម្មវិធីរាត្រីសមោសរសប្បុរសធម៌ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចំនួន ៣៦ ០០០ ដុល្លារអាមេរិក និងមន្ទីរពេទ្យកុមារអង្គរ ចំនួន ១២ ០០០ ដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងបរទេស និងខ្មែរ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមព្យាបាល និងជួយសង្គ្រោះអាយុជីវិតកុមារ ដែលមានជំងឺជាច្រើននាក់ក្នុង១ឆ្នាំៗ និងបានបញ្ជាក់បន្ថែមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌បែបនេះបន្តទៀត ដើម្បីអំពាវនាវស្វែងរកថវិកាជួយទៅដល់មន្ទីរពេទ្យកុមារដែលមានការខ្វះខាតផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរសប្បុរសធម៌បានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសមាគមឱសថការីខ្មែរ Nexty Pharm នៅប្រទេសបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅសារមន្ទីរជាតិរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នមួយចំនួន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





