សម្តេចមហាមន្រ្តី គុយ សុផល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលនានា
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥-- សម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលនានាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្តអាត់ទ្វារលើ ហៅវត្តស្តុកអាត់ ស្ថិតនៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តាជី ដូនជី សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនាក់ផងដែរ។

ក្នុងឱកាសនោះ សម្តេចមហាមន្រ្តី គុយ សុផល បានមានប្រសាសន៍ថា សមិទ្ធផលនានានៅក្នុងវត្តអាត់ទ្វារលើ ដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះដែលទទួលបានការឧបត្ថម្ភ និងគាំទ្ររបស់រាជរដ្ឋាភិបាល មានផ្លូវ ក្លោងទ្វារវត្ត ការចាក់ដីបំពេញទីធ្លាវត្ត របង អណ្តូងទឹក បន្ទប់ទឹក និង ដាក់អំពូលពន្លឺព្រះអាទិត្យ ដែលសមិទ្ធផលទាំងអស់នេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ និងសប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ។

ទន្ទឹមនឹងនេះ សម្តេចមហាមន្រ្តីបានមានប្រសាន៍បន្តថា រាជរដ្ឋាភិបាលបានលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតពោលគឺកម្ពុជាបានផ្តល់សិទ្ធិសេរីភាពជំនឿ និងសាសនាយ៉ាងពេញលេញដល់ពលរដ្ឋ។ ទំាងវត្តអារាម និងវិហារសាសនាឯទៀត ក្លាយជាមជ្ឈមមណ្ឌល ជីវភាពខាងស្មារតី ចូលរួមការអភិវឌ្ឍ អប់រំសង្គម ខាងផ្នែកវប្បធម៌ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ព្រមទាំងពង្រឹងសុខុដុមនីយកម្ម រវាងគ្រប់សាសនា។ រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើង បែងចែក ក្នុងចំណោមប្រជាជន។ នេះជាការចាំបាច់ណាស់ ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

សម្តេចមហាមន្រ្តីក៏បានធ្វើការអំពាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ចុះឃ្លាំមើលសុខទុក្ខពលរដ្ឋគ្រប់ពេលវេលា និងធ្វើការដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ពិសេសទៀតនោះប្រជាពលរដ្ឋយើងត្រូវយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត ធ្វើយ៉ាងណាកុំឱ្យឱកាសធ្វើបុណ្យទាន សប្បាយរីករាយ ក្លាយជាទុក្ខ ក្នុងនោះយុវជន និងកុមារ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ បញ្ហាគ្រឿងញៀននឹងបំផ្លាញអាយុជីវិត គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ សម្តេចមហាមន្រ្តី គុយ សុផល និងគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នូវព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តផងដែរ៕

ដោយ បៃ ស៊ីថុន





