បទយកការណ៍៖ ស្រ្តីកម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តពីការពង្រឹងសមត្ថភាពក្នុងតួនាទីរបស់ខ្លួន និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២៥ -- ស្រ្តីនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជនក្នុងប្រទេសកម្ពុជាបានបង្ហាញពីការយល់ដឹងពីភារកិច្ចតួនាទីរបស់ខ្លួន ដែលក្នុងនោះ ស្រ្ដីចូលរួមក្នុងកិច្ចការសង្គមកាន់តែទូលំទូលាយ។ ជាមួយនឹងការចូលរួមនេះ ស្រ្តីមិនត្រឹមតែមានតួនាទីមើលការខុសត្រូវក្នុងគ្រួសារនោះទេ តែក៏មានតួនាទីជាថ្នាក់ដឹកនាំនៅតាមគ្រប់បណ្តាក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលរួមទាំងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច-សង្គម ខណៈសមាសភាពទាំងអស់នេះគឺមិនអាចខ្វះស្រ្តីបាននោះឡើយ។

សម្រាប់ការលើកឡើងអំពីតួនាទី ភារកិច្ច និងចូលរួមសកម្មភាពនានារបស់ស្រ្ដីបែបនេះធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជាបាននិងកំពុងរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»ក្នុងឆ្នាំ២០២៥។
កម្ពុជាបានចាត់ទុកថា ការចូលរួម និងការដឹកនាំរបស់ស្ត្រី អាចជួយដល់ការងារលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនខ្មែរទាំងមូល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់កម្ពុជា ដែលក្នុងនោះគោលដៅទី៣ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី ។

អ្នកស្រី រឿន ចន្ថា ប្រធានកែច្នៃផលនេសាទក្នុងសហគមន៍នេសាទអន្លង់តាអួរ មានទីតាំងស្ថិតនៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានឱ្យដឹងថាស្រ្តីក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សុខមាលភាពគ្រួសារ និងសហគមន៍ ហើយជាងនេះទៅទៀតការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកស្រីបានប្រាប់ឱ្យដឹងថា៖ «នៅសហគមន៍ខ្ញុំ មានស្រ្តីកាន់តែច្រើនបានចូលរួមអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។ ពួកគាត់ម្នាក់ៗមានភារកិច្ចមិនត្រឹមជួយរកចំណូលសម្រាប់គ្រួសារទេ តែក៏ជួយដល់សហគមន៍សំដៅធ្វើឱ្យមានការងារធ្វើ និងបង្កើនជំនាញវិជា្ជជីវៈ។មកដល់ពេលនេះស្រ្តីសហគមន៍អន្លង់តាអួរ កាន់តែរឹងមាំ និងអាចមានការងារធ្វើដោយយកវិស័យកសិកម្មដូចជាការកែច្នៃត្រី ផ្អកប្រហុក ត្រីឆ្អើរសម្រាប់លក់ទាំងក្នុងមូលដ្ឋានតាមខេត្ត និងពេលខ្លះនាំចេញទៅក្រៅប្រទេសថែមទៀត»។

ជាមួយគ្នានេះ អ្នកស្រី ឃុត ឃៀង ប្រធានសហគមន៍ អេកូទេសចរណ៍ភ្នំទ័ពជាង ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុងបានឱ្យដឹងដែរថា ក្នុងគ្រួសារភាគច្រើនស្ត្រី ក្រៅពីជាអ្នកទទួលខុសត្រូវលើផ្នែកចំណីអាហារ ការប្រៀនប្រដៅកូនចៅ និងការការពារសុខភាពរបស់សមាជិកក្រុមគ្រួសារ ស្រ្ដីក៏តែងចូលរួមក្នុងសហគមន៍ផងដែរ។ អ្នកស្រីបន្ដថា នៅក្នុងសហគមន៍ទ័ពជាង មានស្រ្តីច្រើនឡើងបានចូលរួមអភិវឌ្ឍន៍សហគមន៍ ដែលនេះជាភារកិច្ចស្រ្តីដែលគេអាចមើលជាទូទៅបាននៅសហគមន៍ទ័ពជាង។ ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងរូបនេះបានឱ្យដឹងបន្ថែមថា៖ «ស្ត្រីមានការប្តេជ្ញាចិត្តខ្ពស់ និងចូលរួមនៅក្នុងសហគមន៍សកម្មជាងបុរស ហើយស្ត្រីមានភាពជាអ្នកដឹកនាំខ្ពស់ ទាំងក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច»។

ចំណែកលោកស្រី ប្រាក់ សុចាន់ដាវី ជាពិធីការិនី និងអ្នកអានព័ត៌មានមួយរូបបានលើកឡើងជុំវិញបញ្ហាស្រ្តីនៅកម្ពុជានាពេលបច្ចុប្បន្ននេះដោយបានលើកឡើងថា ស្រ្ដីពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងនោះបានធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ហើយបើប្រៀបធៀបកាលពីមុនមកនេះមានភាពផ្ទុយគ្នាស្រឡះ។លោកស្រីអះអាងថា តាមការកត់សម្គាល់ឃើញមានការផ្លាស់ប្តូរផ្នត់គំនិតបុរាណពី «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ទៅជា «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ក្នុងសង្គមកម្ពុជាដូចពេលបច្ចុប្បន្ន ដែលនេះជាសក្ខីកម្មនៃការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រីចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។

ការលើកឡើងរបស់ស្ដ្រីខាងលើគឺមិនខុសគ្នាប៉ុន្មាននោះទេ គឺបានលើកឡើងអំពីសារៈសំខាន់ទាក់ទងនឹងតួនាទី ភារកិច្ច និងការចូលរួមចំណែករបស់ស្រ្ដីក្នុងសកម្មភាពការងារសង្គម និងសេដ្ឋកិច្ចគ្រួសារ និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្រី អេង គឹមជាង ជាអ្នកសារព័ត៌មានស្រ្ដីមួយរូបក៏បានបង្ហាញការយល់ឃើញរបស់ខ្លួនដែរថា ពិតណាស់ស្រ្តីបានដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប៉ុន្ដែស្រ្ដីក៏ត្រូវតែមានការអភិវឌ្ឍខ្លួនឯង ដើម្បីសំដៅធ្វើយ៉ាងណាដើរឱ្យទាន់នូវយុគ្គសម័យឌីជីថល បច្ចុប្បន្ន ហើយវាក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកស្រីបានលើកឡើងទៀតថា៖ «ដូចជាខ្ញុំជាអ្នកសារព័ត៌មានមួយរូប ខ្ញុំក៏មិនភ្លេចខ្លួនសោះឡើយក្នុងការអភិវឌ្ឍជំនាញវិជា្ជជីវៈសម្រាប់បម្រើដល់អ្នកស្តាប់ អ្នកទស្សនា អ្នកអាន ក្នុងវិស័យសារព័ត៌មាន សំដៅទទួលបានចំណេះដឹងថ្មីៗ ដែលរួមមានទាំងការផ្សព្វផ្សាយអប់រំ និងបញ្រ្ជាបចំណេះដឹង ខណៈការងារនេះជាតួនាទីមួយដែលយើងគ្រប់គ្នាមិនគួរមើលរំលងវាទេ»។

ដោយឡែក អ្នកនាង សុខ ចាន់វិមាន បានលើកឡើងថា ក្នុងនាមជាស្រ្តីត្រូវតែមានភាពរឹងមាំនិងក្លាហាន។ ហើយកាលពីមុននេះស្រ្តីត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយ តែស្រ្តីបច្ចុប្បន្នមិនដូច្នេះទេ ដូចយើងឃើញស្រាប់ស្រ្តីកម្ពុជា បានបោះជំហ៊ានមួយយ៉ាងវែង និងរឹងមាំថែមទៀត ចូលរួមប្រឡូកការងារជាមួយបុរសក្នុងនោះក៏មានទាំងការងារក្នុងសង្គមគ្រួសារ និងប្រទេសជាតិ។ លើសពីនេះទៀតក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកស្រី សុខ ចាន់វិមាន ក៏បានជំរុញឱ្យស្រ្តីគ្រប់រូបមិនត្រូវនៅស្ងៀមឡើយ ត្រូវតែចេះអភិវឌ្ឍន៍ខ្លួនឯង កសាងសមត្ថភាព និងចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនឈានទៅមុខដូចបណ្តាប្រទេសដទៃទៀតដែលជាការបង្ហាញពីតម្លៃរបស់ស្រ្ដី ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍន៍របស់ប្រទេសជាតិយើង។

យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារីបានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានស្រ្ដីជាប្រធានរដ្ឋសភា សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន ស្រ្ដីជាអគ្គទេសាភិបាលធនាគារជាតិ ស្រ្ដីជាអគ្កសវនករជាតិ និងស្រ្ដីជាអភិបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។ នៅក្នុងរដ្ឋបាលសាធារណៈ ស្រ្ដីដែលមានតួនាទីក្នុងថ្នាក់ធ្វើសេចក្ដីសម្រេចចិត្ដ(ចាប់ពីអនុប្រធានការិយាល័យរហូតដល់អគ្គនាយក) មានចំនួន ២៧ភាគរយ និងស្រ្ដីជាមន្រ្ដីរាជការ មានចំនួន ៤២ភាគរយ។

ថ្លែងក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ នារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភារាអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា បើទោះបីកម្ពុជាឆ្លងកាត់សង្រ្គាមជិត៤ទសវត្សរ៍ហើយទើបតែទទួលបាននូវសុខសន្ដិភាពរយៈពេល២៦ឆ្នាំក៏ដោយ ប៉ុន្តែការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិស្រ្តី ការលើកតម្កើង និងការអនុវត្តយេនឌ័រក្នុងសង្គមកម្ពុជាត្រូវបានកោតសរសើរ ហើយជាទីទទួលស្គាល់របស់អង្គការក្នុងបណ្តាប្រទេសមួយចំនួននៅលើពិភពលោកដោយក្នុងនោះបានចាត់ទុកថាកម្ពុជាឈានមុខក្នុងការគោរពទៅលើសិទ្ធិស្រ្តី។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការគោរពទៅលើស្រ្តីនេះក៏បានឆ្លុះបញ្ចាំងពីចំនួនប្រជាពលរដ្ឋផងដែរ ដែលបច្ចុប្បន្នប្រជាជនកម្ពុជាមានជាង១៧លាននាក់ ក្នុងនោះ ស្រ្តីមានចំនួន៥២ភាគរយ បុរសមានតែ៤៨ភាគរយទេដែលនេះជាអត្រាកំណើតរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមនេត្រភក្រ្តាបានគូសបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌ នៃមន្រ្តីរាជការដែលបំពេញការងារនៅទូទាំងប្រទេសគឺមាន៤៨ភាគរយ ជានារី ក្នុងនេះកម្រិតជាអ្នកដឹកនាំនៅមានចំនួនតិចនៅឡើយ តែកម្រិតថ្នាក់ក្រោមវិញគឺមានចំនួនច្រើន។ចំណែកក្នុងក្របខ័ណ្ឌដឹកនាំក្បាលម៉ាស៊ីនរដ្ឋ ដូចជាអំណាចរដ្ឋទាំង៣ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ យើងក៏មានស្រ្តី ក្នុងចំណោមដឹកនាំបក្សយើងក៏មានថ្នាក់ដឹកនាំជាស្រ្តី ក្នុងក្របខ័ណ្ឌគណៈរដ្ឋមន្រ្តីយើងក៏មានរដ្ឋមន្រ្តីជាស្រ្តីចំនួន៣រូប យើងក៏មានថ្នាក់ដឹកនាំសមាជិកសភា សមាជិកព្រឹទ្ធិសភាស្រ្តីក៏មានការកើនឡើងដូចគ្នា។

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងឱ្យដឹងថា សម្តេចតេជោហ៊ុន សែន តែងតែគាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងវិធានការពិសេស ដោយមានទស្សនៈវែងឆ្ងាយ ដើម្បីអនុញ្ញាតការចូលរួម ប្រកបដោយសក្តានុពលរបស់ស្ត្រី និងក្មេងស្រី ដែលមានចំនួន ជាង៥០.៩% នៃប្រជាពលរដ្ឋសរុប។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញលេញបរិបូរណ៍ ទទួលបានតាមរយៈការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យ រួមទាំងការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងសុខុមាលភាពសង្គម។
បើតាមឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅក្នុងសង្គមកម្ពុជា តួនាទីរបស់ស្ត្រី ពិតជាមានសារៈសំខាន់ ហើយសម្រាប់ក្រុមគ្រួសារវិញ ប្រសិនបើគ្មានភរិយានៅចាំជួយបង្កឱកាសឱ្យប្តីធ្វើកិច្ចការងារ ឬមិនជួយទ្រនូវការងារជាច្រើននៅក្នុងផ្ទះនោះទេ ប្រហែលប្តីមិនមានឱកាសចេញបំពេញការងារដោយមានសេរីភាពនោះទេ។ ដូច្នេះ បើទោះបីនៅក្នុងសង្គម និងគ្រួសារ ស្ត្រីគឺមិនអាចកាត់ផ្តាច់បាននោះទេ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់បន្ថែមថា៖ «មន្ត្រីរាជការជានារីកំពុងតែដើរតួនាទីយ៉ាងសំខាន់ ធ្វើឱ្យដំណើរការរបស់ក្រសួងព័ត៌មាន ដំណើរការទៅមុខដោយរលូន មានកិច្ចការងារមួយចំនួនដឹកនាំដោយស្ត្រីបានធ្វើឱ្យការងារទាំងនោះទទួលបានជោគជ័យ។ អ៊ីចឹង ដំណើរការជោគជ័យរបស់យើងនៅក្នុងក្របខ័ណ្ឌក្រសួងដែលយើងបំពេញការងារល្អ ទទួលបាននូវការកោតសរសើរ ក៏អត់កាត់ផ្តាច់បានពីតួនាទីរបស់មន្ត្រីរាជការជាស្ត្រីក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងយើងដែរ»។
ដោយ៖ដេប៉ូ និង រិទ្ធី





