បទវិចារណកថា៖ សក្ខីភាព នៃសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាលអាណត្តិមុន និងបន្តវេន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ -- បញ្ហាសិទ្ធិនារីឬសមភាពយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា សក្ខីកម្មនៃការអនុវត្តរបស់រាជរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់លាស់ទៅហើយ អំពីការលើកទឹកចិត្ត និងការជំរុញសមភាពរវាងបុរស និងនារី។

នៅក្នុងសង្គមទូទៅ ជាពិសេសនៅក្នុងកម្រិតមជ្ឈដ្ឋានសហគមន៍ គម្លាតនៅតែមាន ហើយទស្សនៈមហាជនខ្លះនៅលើកឡើងពីវិសមភាពនេះ ខណៈអ្នកដែលមានទស្សនៈចាស់គំរិលនៅសេសល់ខ្លះៗ ប៉ុន្តែសក្ខីកម្មនៃការប្រតិបត្តិក៏ដូចជាការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ធ្វើឱ្យគម្លាតនេះគឺបាននិងកំពុងតែត្រូវបានបន្ស៊ីគ្នា។

សក្ខីកម្ម និងការគាំទ្រ ក៏ដូចជាការលើកទឹកចិត្ត នៃការចូលរួមចំណែករបស់ស្រ្តីគឺយើងអាចមើលឃើញច្បាស់នៅក្នុងព្រឹត្តិការណ៍នានា ដែលបានចូលមកដល់នៅក្នុងខែមីនាភ្លាម។ នៅតាមក្រសួង-ស្ថាប័នសាធារណៈនានា ព្រឹត្តិការណ៍បង្ហាញពីការគាំពារ និងការលើកទឹកចិត្តឱ្យមានការចូលរួមលើកកម្ពស់សមភាពយេនឌ័រត្រូវបានរៀបចំជាបន្តបន្ទាប់។ ក្រៅពីសកម្មភាព និងព្រឹត្តិការណ៍ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះស្រ្តីហើយនោះ នៅក្នុងស្ថាប័នសង្គម និងសាធារណៈនានាក៏បានបង្ហាញពីការរួមតួចនៃគម្លាតវិសមភាពរវាងបុរសនិងស្រ្តីដែរ។

នៅក្នុងមជ្ឈដ្ឋានដឹកនាំនៅពេលនេះ ស្រ្តីកម្ពុជាអាចកាន់តំណែងកំពូលៗជាច្រើន ក្នុងនោះ រដ្ឋសភា ដែលជាអង្គការនិតិប្បញ្ញតិ្តមួយតំណាងឱ្យស្ថាប័នអំណាចកំពូលរបស់ប្រទេស ត្រូវបានដឹកនាំដោយស្រ្តី ពោលគឺ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។
នៅក្នុងអំណាចនីតិប្រតិបត្តិវិញ នៅក្នុងចំណោមក្រសួង និងរដ្ឋលេខាធិការដ្ឋានទាំង៣០ គឺមានស្រ្តីដឹកនាំថ្នាក់រដ្ឋមន្រ្តីបីរូប គឺលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយគ្នានេះដែរកម្ពុជាក៏មានស្រ្តីម្នាក់ទៀត ដែលអាចចាត់ទុកថាលេចធ្លោហើយក៏មានតួនាទីមិនធម្មតានៅក្នុងការគ្រប់គ្រង និងអនុវត្តគោលនយោបាយហិរញ្ញវត្ថុជាតិនោះ គឺលោកជំទាវ ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ក្រៅពីស្រ្តីដែលកំពុងតែមានតួនាទីសំខាន់ៗទាំងនេះ ក៏នៅមានស្ត្រីដែលមានសមត្ថភាព ហើយកំពុងតែបម្រើការនៅក្នុងជួរឧត្តមមន្រ្តីរបស់ប្រទេស ទាំងនយោបាយ និងប្រតិបត្តិ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជាច្រើនរូបទៀត។ នៅក្នុងជួររដ្ឋបាលវិញ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានឱ្យដឹងថា អត្រាស្រ្តីដែលកំពុងតែបម្រើការងារនៅក្នុងមុខងារសាធារណៈគឺបានកើនឡើងលើសពី ៤២ភាគរយ។ តាមស្ថិតិស្រ្តីដែលកំពុងតែបម្រើការនៅក្នុងតួនាទីបច្ចេកទេសនៅតាមស្ថាប័នជំនាញផ្សេងៗ នៅថ្នាក់ជាតិ នៅក្នុងមុខងារសាធារណៈ មានតួនាទីចាប់ពីអនុប្រធានការិយាល័យ ដល់អគ្គនាយក និងមានឋានៈស្មើមានប្រមាណជា ២៧ភាគរយ ។ នៅថ្នាក់ក្រោមជាតិ ស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី-ខេត្តមានចំនួន ៨០រូប ស្មើនឹង ១២,៨៤ ភាគរយ និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួន ៧៨៩រូប ស្មើនឹង១៩,៧៥%។

ក្រៅពីស្រ្តីដែលមានឱកាសចូលរួមបម្រើសង្គម នៅក្នុងមុខងារសាធារណៈ ស្រ្តីផ្សេងទៀតដែលមានប្រមាណជាជិត ៦២ភាគរយ បាននិងកំពុងតែដើរតួនាទីដ៏សំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ច ដោយខ្លះជាអ្នកដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យម។
ជារួមមក វិសមភាពយេនឌ័រនៅកម្ពុជាលែងជាបញ្ហាចោទទៀតហើយ ដោយសារតែគម្លាតនៃការចូលរួមទូទៅរបស់ស្រ្តី និងបុរសកាន់តែខិតជិតចូលគ្នា។ នៅក្នុងសង្គម មជ្ឈដ្ឋានទូទៅគេសឹងតែលែងនិយាយហើយអំពីបញ្ហានេះ អ្វីដែលគេនិយាយគឺសមត្ថភាព និងការទទួលខុសត្រូវ ក៏ដូចជាលទ្ធផលនៃការងារគឺជាសមិទ្ធកម្មជាក់ស្តែង។ ស្រ្តីនិងបុរសគឺសុទ្ធតែមានឱកាសដូចគ្នានៅក្នុងការស្វែងរការងារ និងបំពេញភារកិច្ច ដូច្នេះយើងសង្ឃឹមថា រវាងស្រ្តី និងបុរសគឺនឹងលែងមានពាក្យថារើសអើង អ្វីដែលសំខាន់គឺម្នាក់ៗត្រូវមានមនសិការ និងការទទួលខុសត្រូវ ហើយខិតខំបំពេញការងារតាមភារកិច្ច និងបេសកម្ម សម្រាប់បម្រើសង្គមរៀងៗខ្លួន ដើម្បីវឌ្ឍនភាពរបស់សង្គមជាតិទាំងមូល៕
AKP





