ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥គ្រួសារក្នុងស្រុកអូរជ្រៅទទួលអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ – ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន២៥គ្រួសារនិងជនពិការ១គ្រួសារនៅក្នុងមូលដ្ឋានស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តដើម្បីរួមចំណែកជួយដោះស្រាយដល់ជីវភាពរស់នៅរបស់ពួកគាត់ដែលជួបប្រទះការលំបាកបានមួយគ្រា។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនាឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារ គណៈកម្មាធិការសាខា និងមានការចូលរួមពីលោកជំទាវ នួម សោភ័ណ តំណាងរាស្រ្តខេត្តបន្ទាយមានជ័យមន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បាននាំអំណោយមនុស្សធម៌នេះ ទៅសួរសុខទុក្ខ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៥ គ្រួសារដែលកើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ក្នុងនោះមានឃុំគុត្តសត មាន១ភូមិស្មើ ៣គ្រួសារ និងឃុំសំរោង មាន៧ភូមិ ស្មើ ២២គ្រួសារ និងជនពិការ១គ្រួសារផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់កុំឱ្យបាក់ទឹកចិត្ត និងខិតខំប្រឹងប្រែងរស់នៅបន្តទៀត។ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រៀមលក្ខណៈជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើង។

ជាមួយនោះឯកឧត្តម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកេីតមានឡេីងបើក្នុងករណីអាកាសធាតុមិនងាយស្រួល ឯកឧត្ដមបាន ណែនាំដល់ពលរដ្ឋពេលមានខ្យល់កន្ត្រាក់សូមមេត្តារកកន្លែងមានសុវត្ថិភាពជាពិសេសកុំជ្រកក្រោមដើមឈើឬបង្គោលភ្លេីង ដែលអាចបណ្តាលឱ្យកើតមានគ្រោះធម្មជាតិដូចជារន្ទះបាញ់ជាដើម។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំមកនាពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,មុង១,ភួយ១,សារុង១,ក្រមា១ ,និងថវិកា២ម៉ឺនរៀល, ចំណែកគ្រួសារពិការទទួលបានរទេះ១គ្រឿង៕
ដោយ៖ ឈុន សារ៉ាត





