គ្រួសារកងទ័ពកងពលតូចថ្មើរជើងលេខ៥១ជួបការខ្វះខាតចំនួន ៦៣គ្រួសារទទួលអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៥ – គ្រួសារកងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ដែលជួបការខ្វះខាតចំនួន៦៣គ្រួសារបានទទួលអំណោយគ្រឿងឧបភោគបរិភោគនិងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅឱ្យមានភាពប្រសើរឡើងវិញ។

អំណោយដ៏ថ្លៃថ្លានេះត្រូវបានលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១រួមនឹងក្រុមការងារ នាំយកទៅ ជូនដល់ដៃក្រុមគ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃសៅរ៍ទី៨ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើនិងជូនពរជ័យដោយក្តីនឹករលឹកជូនដល់កងទ័ពរួមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្តេចលោកជំទាវរួម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរ ដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ដោយបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាក ផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះគ្រួសារកងទ័ព ចំនួន ៦៣គ្រួសារទទួលបានអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន ៩មុខ និងថវិកាមួយចំនួន។

ជាមួយនេះលោកបានបញ្ជាក់ឱ្យដឹងថា ការផ្តល់អំណោយនេះដល់គ្រួសារយោធិននៅពេលនេះ មិនមែនជាលើកទី១ទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរជូនដល់យោធិន និងគ្រួសារកងទ័ព ដែលជួបការលំបាករហូតមក។
ទន្ទឹមនោះដែរ គ្រួសារកងទ័ពទាំងអស់ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះដល់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវរួមទាំងសម្តេចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់ដល់កងទ័ព និងគ្រួសារកងទ័ព ជួបការលំបាកគ្រប់វេលា ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖នឈុន សារ៉ាត





