កិច្ចសហការរវាងវិស័យឯកជន និងវិទ្យាស្ថានពហុបច្ចេកទេសជួយជំរុញបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព
AKP បន្ទាយមានជ័យ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ -- អាជ្ញាធរខេត្តបន្ទាយមានជ័យបាននឹងកំពុងជំរុញឱ្យវិស័យឯកជន និងវិទ្យាស្ថានពហុបច្ចេកទេស បង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធសំដៅជួយជំរុញ ធានាថាធនធានមនុស្សដែលបានបណ្តុះបណ្តាលមានជំនាញ និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារការងារឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់សង្គមជាតិនោះ។នេះជាប្រសាសន៍លើកឡើងរបស់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៥នេះ។

ជាមួយគ្នាក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះលោក យឹម សំណាង បានធ្វើការស្នើសុំទៅក្រុមហ៊ុនសហគ្រាសសូមជួយ និងសម្របសម្រួសដល់វិទ្យាស្ថានក្នុងការ ស្វែងរកកន្លែងចុះហាត់ការ និងស្វែងរកការងារដែលសិស្ស បានបញ្ចប់ការសិក្សាអស់ រយៈពេល៨ខែ និងបន្តយន្តការជួយផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយក្នុងក្រុមហ៊ុនសហគ្រាស របស់អស់លោក លោកស្រី និងត្រូវកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់ សម្រាប់សិស្សដែលចង់បន្ថែម សមត្ថភាពជំនាញរបស់ខ្លួន ងាយស្រួលដល់វិទ្យាស្ថានចុះទៅតម្រង់ទិសក្នុងការចុះឈ្មោះចូលរៀន ក្នុងការ បង្កើនសមត្ថភាពការងាររបស់កម្មករ និយោជិក នោះ។

លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបានមានប្រសាសន៍លើកឡើងថាគោលបំណងចម្បងនៃការពិគ្រោះយោបល់ថ្ងៃនេះគឺដើម្បី កំណត់អត្តសញ្ញាណមុខរបរដែរក្រុមហ៊ុន សហគ្រាស និងឧស្សាហកម្មមានសក្តានុពល។
ពិភាក្សាអំពីឱកាស និងការប្រឈមដែលក្រុមហ៊ុន សហគ្រាសអាចជួបប្រទះនៅពេលដែល វិទ្យាស្ថាន បានបញ្ជូនសិស្ស និស្សិតចុះកម្មសិក្សា ឬចូលបម្រើការងារ។ ផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍន៍មុខរបរ ឬសមត្ថភាពរបស់សិស្ស និស្សិតដែរមាន បញ្ហាប្រឈមជាក់ស្តែងនៅតាមក្រុមហ៊ុន សហគ្រាស។ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់បន្តឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនប្រមាណជាង១,៥លាននាក់មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។

លោកយឹមសំណាងក៏បានលើកទឹកចិត្តវិស័យឯកជន ឱ្យចូលរួមផ្តល់ឱកាសកម្មសិក្សា និងការងារដល់សិស្សនិស្សិត ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ជាក់ស្តែង និងត្រៀមខ្លួនសម្រាប់ពិភពការងារ។ លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស សំដៅជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយនោះដែរ លោក អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងខេត្ត ដែលបានជជែករកគន្លឹះដោះស្រាយលើបញ្ហាជំនាញបច្ចេកទេស កម្មវិធីសិក្សា និងការស្នើសុំចុះកម្មសិក្សារបស់សិស្សបានកាន់តែចំនួនច្រើន ដើម្បីពង្រីកវិសាលភាពវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត៕
ដោយ៖ឈុនសារ៉ាត





