ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាស្តីពី"ការពង្រឹងសមត្ថភាពដើម្បីរៀបចំក្រុងស្ទឹងសែនជាទីក្រុងទេសចរណ៍គា្មនផ្សែងបារី"
AKPកំពង់ធំថ្ងៃទី០៨ខែមីនា ឆ្នាំ២០២៥ -- ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ខែមីនាឆ្នាំ២០២៥បានរៀបចំសិក្ខាសាលាស្តីពី"ការពង្រឹងសមត្ថភាពដើម្បីរៀបចំក្រុងស្ទឹងសែនជាទីក្រុងទេសចរណ៍គា្មនផ្សែងបារី"នៅខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ដោយមានការអញ្ចើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តនិងសិក្ខាមប្រមាណជាង១០០នាក់។

លោកលី វ៉េត អភិបាលរងខេត្តកំពង់ធំមានប្រសាសន៍លើកឡើងថាក្នុងមួយឆ្នាំៗនៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រមាណជាង ១០០០០នាក់និងច្រើនជាង៦លាននាក់នៅទូទាំងពិភលោកបានស្លាប់ដោយសារការជក់បារី ជារៀងរាល់ឆ្នាំ។ ដោយឡែកអ្នកស្រូបផ្សែងបារីពីគេក៏ទទួលរងផល់ប៉ះពាល់និងស្លាប់មិនក្រោម៦សែននាក់ក្នុងមួយឆ្នាំៗផងដែរព្រោះថាការជក់បារីនិងផ្សែងបារីវាបណ្តាលឱ្យកើតជំងឺមហារីកសួតដាច់សរសៃឈាមខួរក្បាលមហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះនិងជំងឺប្លោកនោមជាដើម។លោកអភិបាលរងខេត្តបានអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ចនិងផ្នែកឯកជនពាក់ព័ន្ធទាំងអស់ត្រូវមានការចូលរួមគាំទ្រនិងអនុវត្តតាមគោលការណ៍នានាដែលអង្គសិក្ខាសាលាបានណែនាំ ដើម្បីឱ្យក្រុងស្ទឹងសែនទទួលបានជ័យលាភីក្លាយជាទីក្រុងទេសចរណ៏គ្មានផ្សែងបារីនាពេលខាងមុខនេះ។

ឯកឧត្តម ហោ សារុនមានប្រសាសន៍បញ្ចាក់ថាដើម្បីឱ្យក្រុងស្ទឹងសែនក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលដ៍ខ្លីខាងមុខនេះបានលុះត្រាតែរដ្ឋបាលខេត្តនិងក្រុងសហការណ៍ជាមួយមន្ទីរទេសចរណ៍ខេត្តធ្វើយុទ្ធនាការសារធារណៈដោយមានវិធានការណ៍ ហាមឃាត់ការជក់បារីឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅតាមទីប្រជុំជននានា កន្លែងសំខាន់ៗនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងបិទផ្លាកសញ្ញាឬស្ទីកគឺរហាមជក់បារី ចងប៉ាដាផ្សព្វផ្សាយនៅតាមទីផ្សារនិងទីប្រជុំជន។នៅតាមភោជនីយដ្ឋាន សណ្ឋារគារ ផ្ទះសំណាក់និងហាងលក់ដូរផ្សេៗ គួរតែមានបិតស្លាកបម្រាមហាមជក់បារីនិងស្លាកផាកពិន័យចំពោះអ្នកជក់បារីឱ្យបានច្រើនកន្លែង។ម្យ៉ាងទៀតក្នុងករណីភ្ញៀវចង់ជក់បារីត្រូវមានកន្លែងដាច់ដោយឡែកសម្រាប់ពួកគាត់ឬឱ្យពួកគាត់ រកកន្លែងជក់ដែលមិនបង្កផល់ប៉ះពាល់ដល់អ្នកដទៃនិងត្រូវហាមឃាត់មិនឱ្យមានការដាក់តាំងលក់បារីឬមានអ្នកដើរលក់បារីនៅក្នុងមូលដ្ឋានអាជីកម្មសេវាកម្មទេសចរណ៍នោះឡើយ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានសំណូមពរសូមឱ្យយុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាពិសេសការជក់បារីឬបារីអេឡិចត្រូនិចពីព្រោះថាបើជ្រុលខ្លួនញៀនហើយគឺធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនឹងពិបាកក្នុងការផ្តាច់វិញណាស់៕
ដោយ៖ ស៊ុំ វណ្ណា





