រដ្ធបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា
AKP កំពង់ឆ្នាំង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានមន្ទីរ និងអភិបាលក្រុង ស្រុកទាំង៨ចូលរួមផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអានកម្មវិធីបើកកិច្ចប្រជុំ នៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មាន៖
១.-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨។ ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២៥។ ៣-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥។៤-ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ៥-ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ លទ្ធកម្មខេត្ត។ ៦-សេចក្តីផ្សេងៗ...។

ទន្ទឹមនឹងនេះឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋាន ដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ។

ក្នុងបរិបទនេះឯកឧត្តមបានដាក់ចេញតាមខែនីមួយៗ តាមរយៈការចូលរួមពិនិត្យពិភាក្សា និងឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៩របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក្ខដើម្បីជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើន៕
ដោយ៖ បៃ ស៊ីថុន





