ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យសមិទ្ធិផល និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងច្រាល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំអភិបាលរងខេត្ត អភិបាលស្រុកកំពង់សិលា ប្រធានមន្ទីរ អង្គភាពចុះពិនិត្យសមិទ្ធផលនានាក្នុងសាលា និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស នៃសាលាបឋមសិក្សាស្ទឹងច្រាល រសៀលថ្ងៃសុក្រទី០៧ ខែមីនា ឆ្នាំ២០២៥ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះ សំណាលជាមួយលោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានធ្វើការណែនាំឪ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំឧស្សាសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ព្រោះកាលណាយើងមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ក្មួយៗអាចនឹងទទួលបានការងារល្អៗនៅពេលខាងមុខ ដើម្បីជួយបង្កើនជីវភាពគ្រួសារ។ ដូច្នេះលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទីពីរត្រូវបេជ្ញាចិត្តខិតខំបង្ហាត់បង្រៀនដល់ក្មួយៗសិស្សានុសិស្សរបស់យើងឱ្យពួកគាត់បានឆាប់ចេះ យល់ដឹងឱ្យបានគ្រប់គ្នា និងសូមជូនពរឱ្យក្មួយៗសិស្សានុសិស្សទាំងអស់រៀនឱ្យបានពូកែ និងបានឡើងថ្នាក់ទាំងអស៉គ្នា ។

ជាមួយគ្នានោះដែរ លោក នុត លី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ បានបញ្ជាក់ថា លោកបានកៀរគរបងប្អូនសប្បុរសជនជួយកសាងសមិទ្ធផលនានាក្នុងសាលានេះមានដូចជា ចាក់អ៊ុតកៅស៊ូផ្លូវចូលសាលារៀនមានប្រវែង ១០០ម៉ែត្រ ទទឹង ៤ម៉ែត្រ សាងសង់របងសាលាមានបណ្តោយ ៧០ម៉ែត្រ កម្ពស់ ២ម៉ែត្រ និងក្លោងទ្វាបណ្តោយ ៤ម៉ែត្រ និងមានកម្ពស់ ៤ម៉ែត្រ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យសាលាកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញដល់សិស្សានុ សិស្ស និងអាណាព្យាបាលផងដែរ ព្រោះប្រសិនបើសាលារៀនរបស់យើងមានបរិស្ថានស្អាតល្អ ធ្វើឱ្យសិស្សចង់មករៀន គួបផ្សំនឹងលោកគ្រូ អ្នកគ្រូរបស់យើងមានក្រមសីលធម៌ វិជ្ជាជីវៈប្រកបដោយគុណធម៌ ចរិយាធម៌ក្នុងការបង្ហាត់ បង្រៀនថែមទៀតនោះ ធ្វើឱ្យសិស្សានុសិស្សរបស់យើងកាន់តែទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ជួយកាត់ បន្ថយអក្ខរកម្មនៅក្នុងមូលដ្ឋាន ព្រោះក្រសួងអប់រំបានធ្វើកំណែទំរង់លើវិស័យអប់រំស្របតាមបរិបទ នៃការអភិវឌ្ឍរីកចម្រើន នៃប្រទេសជាតិ ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាស្ទឹងច្រាល មាន ៤បន្ទប់ សិក្សាចែកជាពីរវេនដែលមានចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានបុគ្គលិកសិក្សាចំនួន ៩នាក់ ស្រី ៥នាក់ និងសិស្សានុសិស្សសរុបមានចំនួន១៤៣នាក់ ស្រី ៩៦នាក់ ៕
ដោយ៖ ងូ សុមុនី





