ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--
ក្នុងឱកាសចុះសាកសួរសុខទុក្ខកងទ័ពនៅតាមប៉ុស្តិ៍ប៉មជួរមុខនៃមាតុភូមិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន ស្ថិតនៅក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានចម្ងាយពីព្រំដែនថៃប្រមាណ២០០ម៉ែត្រ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន គឺជាអតីតទីតាំងរបស់រណសិរ្ស២៥០ របស់កម្ពុជាប្រជាធិបតេយ្យ ដែលពីអតីតកាលមាន ឯកឧត្តម នី កន ជាប្រធានរណសិរ្ស ២៥០ ហើយក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តម ជាទីប្រឹក្សាក្រសួងការពារជាតិផងដែរ។ តំបន់ភ្នំ៣២ សំពៅលូន គឺជាអតីតសមរភូមិ ស៊ីសុផុនខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨២។ តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំ៣២ សំពៅលូន មាននៅសល់អតីតផ្ទះរបស់រណសិរ្ស ២៥០ មានចំនួន២ខ្នង សាងសង់ពីឈើ ផ្ទះធំមួយខ្នង ជាសាលាប្រជុំរៀនសូត្រនយោបាយ ទំហំ១៨ គុណ ២៣ ម៉ែត្រ និង ផ្ទះតូច ១ ខ្នងទំហំ ៧ គុណ ៩ ម៉ែត្រ សាងសង់ពីឈើ សំរាប់កម្មាភិបាលឡើងមកប្រជុំ រៀនសូត្រ និងស្នាក់នៅ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ជាកន្លែងដែល សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានអញ្ជើញមកទទួល និងសំណេះសំណាលជាមួយកម្លាំងរណសិរ្ស២៥០ ដែលបានធ្វើសមាហរណកម្មចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល ជាកន្លែងដែលកម្លាំងសមាហរណកម្មមានមោទនភាពបំផុត ក្នុងជីវិតរបស់ខ្លួន ដែលទទួលបាននូវសិទ្ធិសេរីភាព និងសន្តិភាពដែលពុំធ្លាប់មានកន្លងមក ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលផ្តល់នូវស្នាមញញឹមដល់ពួកគេ។

ក្នុងឱកាសចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការគាំទ្រចំពោះកិច្ចការប្រវត្តិសាស្រ្តយោធា ដែលបានធ្វើកន្លងមក ដោយឯកឧត្តម បានលើកយកនូវអនុសាសន៍របស់ សម្តេចតេជោ មកបញ្ជាក់ថា មានតែអ្នកឈ្នះទេ ដែលជាអ្នកសរសេរប្រវត្តិសាស្ត្រ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានឯកភាពចំពោះការរៀបចំជាតឹកតាង ដើម្បីឱ្យយុវជនជំនាន់ក្រោយបានឃើញពីប្រវត្តិសាស្ត្រយោធា ដែលជាជំនួយដល់វិស័យទេសចរណ៍ផងដែរ៕
ដោយ សំ សាម៉ន





