ប្រមុខក្រសួងមហាផ្ទៃជំរុញឱ្យបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របតាមចំណេះ និងជំនាញតាមបណ្ដាអង្គភាព ហើយថា បើទោះបីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួងមានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាស ដល់ស្ដ្រីបន្ថែមទៀតក្នុងវិស័យស៊ីវិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលើកទឹកចិត្ត។ ការជំរុញ និងលើកទឹកចិត្តពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បែបនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រ្តីគ្រប់រូប” នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តលើការបណ្ដុះបណ្ដាលមន្រ្តី ដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»។

ជាមួយគ្នានេះដែរ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បានថ្លែងថា កម្ពុជាបានដាក់ចេញនូវវិធានការពិសេស និងបណ្ដុះអាសន្ននានាក្នុងការលើកកម្ពស់តួនាទីស្ដ្រីក្នុងអភិបាលកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះការតែងតាំងឱ្យស្ដ្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេស និងនយោបាយនៅតាមក្រសួង ស្ថាប័ន បានកំណត់យ៉ាងតិច១រូប និងក៏មានការកំណត់ក្នុងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទូទាំងប្រទេសផងដែរ។

លោកជំទាវថា គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ត្រូវតែរួមគ្នាបន្តដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់សំដៅរួមជាសហថាមពលដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងអនុវត្តសិទ្ធិបានពេញលេញ ការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើតភាពអង់អាចចំពោះស្ដ្រី៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





