មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពី "ភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល" នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- តាមការគ្រោងទុកនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះនឹងមានការរៀបចំនូវវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពី "ភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល" និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០។
ក្នុងសេចក្តីជូនដំណឹងនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានគូសបញ្ជាក់ថា នៅក្នុងវេទិកានេះនឹងមានការធ្វើបទឧទ្ទេសនាមលើប្រធានបទចំនួន២ រួមមាន៖ ទី១) ភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងទី២) ការកសាងភាពធន់នៅក្នុងភាពជាអ្នកដឹកនាំរបស់យុវជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាមួយនឹងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំឌីជីថល៖ កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់យុវជន»។ វេទិកានេះនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន តំណាងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ សមាគម គ្រឹះស្ថានអប់រំ និងសិស្ស/និស្សិត។
ដោយឡែកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុង គោលបំណងចាប់ផ្តើមពង្រឹងភាពជាដៃគូរវាងស្ថាប័នទាំងពីរ តាមរយៈការអនុវត្តសកម្មភាពរួមគ្នា ការបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យា ការជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងការកសាងមូលធនមនុស្ស ដើម្បីចូលរួមចំណែកជំរុញការកសាងសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ មជ្ឈមណ្ឌលកម្ពុជា ៤.០)





