ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំង ត្រូវការពារ សុវត្ថិភាពជូនគណៈប្រតិភូកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូ កីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ មីនា ដោយត្រូវការពារចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់សណ្ឋាគារស្នាក់នៅ និងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានស្នើបែបនេះក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងខាងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ តែស្នើបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃ និងក្រុមជ្រុលនិយមរបស់កម្ពុជា យើងត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឱ្យបាន។ ត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឱ្យយល់ពីខ្លឹមសារនៃការប្រកួតនេះជៀសវាងកុំឱ្យមានបញ្ហា។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា ការប្រកួតនេះគឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយក៏ជាការប្រកួត ដើម្បីពង្រឹតមិត្តភាពទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជានិងថៃឱ្យកាន់តែរឹងមាំ ដូច្នេះយើងត្រូវតែធ្វើការងារនេះឱ្យល្អបំផុត ជៀសវាងកុំឱ្យមានបាតុភាពអ្វីកើតមានឡើងឱ្យសោះ។ កម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើឱ្យល្អបំផុត មានបញ្ហាអ្វីទាក់ទងភ្លាមមក ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់គ្រប់វិធានការចំពោះមុខ។ បន្ថែមពីនេះ ចំពោះបរិស្ថានអនាម័យ ក៏ត្រូវតែស្អាតទាំងខាងក្រៅ និងខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានណែនាំឱ្យឯកឧត្ដម កើត ឆែ និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងទាំងអស់យកអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រោះជាព្រឹត្តិការណ៍ ដើម្បីអបអរសាទរខួបអនុស្សាវ រីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងនោះដែរឯកឧត្ដមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញត្រូវទទួលភារកិច្ចធ្វើការទទួលស្វាគមន៌ និងជូនដំណើរគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូ កីឡាករថៃ ទាំងទៅនិងមកឱ្យបានល្អ។


ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ៖ ក្រុមទី១- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ ទី២-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕
ដោយ សួស សំរិត





