សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន គាំទ្រការបញ្ជ្រាបយេនឌ័រ ចូលក្នុងវិស័យអាទិភាពទាំង៨ របស់ក្រសួងអធិការកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានផ្តាំផ្ញើនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ និងបានអរគុណចំពោះការដឹកនាំរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ តាមរយៈការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម កាត់បន្ថយបាននូវបាតុភាពសង្គម និងភាពអសកម្មនានា និងលើកកម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង។


ជាពិសេស ការបញ្ជ្រាបយេនឌ័រចូលទៅក្នុងវិស័យអាទិភាពទាំង៨របស់ក្រសួងរួមមាន៖ ទី១. ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាង និងអភិវឌ្ឍមូលធនមនុស្ស។ ទី២. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ទី៣. ការពង្រឹងប្រសិទ្ធភាពនៃការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។ទី៤. ជំរុញ និងពង្រឹងសមត្ថភាពអធិការកិច្ចរបស់ស្ថាប័ន។ ទី៥. ជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ។ ទី៦. ជំរុញការទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹង។ ទី៧. ជំរុញកិច្ចសហការ និងភាពដៃគូជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូសំខាន់ៗនានា ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ទី៨. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការអធិកាកិច្ច និងការទទួលពិនិត្យ និងដោះស្រាយបណ្តឹង។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា បងប្អូននារីទាំងអស់នៃក្រសួងអធិការកិច្ចនឹងយកស្មារតីថ្ងៃ៨មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍសមាគមផង អភិវឌ្ឍខ្លួនឯងផង ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែប្រសើរ ក៏ដូចជាបានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ៕
ដោយ សួស សំរិត





