គណៈប្រតិភូសហភាពអ៊ឺរ៉ុប EU អញ្ជើញមកស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាពសរុបប្រមាណ១២រូប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥។

លោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ហើយប្រតិភូអឺរ៉ុបមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាព និងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ។


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ខេត្តព្រះសីហនុបាន និងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភ័ស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ដ៏ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខថែមទៀតផង។
លោកអភិបាលរងខេត្តព្រះសីហនុបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។


ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូបានលើកឡើងថា នេះជាលើកទី១ នៃការធ្វើទស្សនកិច្ចជាផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុបមកកាន់ខេត្តព្រះសីហនុ ជាទីតាំងដ៏មានសក្តានុពលធំបំផុតមួយរបស់កម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញគោលបំណង នៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ភស្តុភារកម្មសមុទ្រ និងជលយានដ្ឋានជាដើម៕
ដោយ ងូ សុមុនី





