ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា ចុះសួរសុខទុក្ខនាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហាន យោធភូមិភាគពិសេស កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក អ៊ូ សុខឿន មុខងារនាយករងសាលាពលទាហាន ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

ជានិច្ចកាល ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា តែងតែយកចិត្តទុកដាក់ ដល់នាយទាហាន យោធាចារ្យ នាយទាហានរង និងពលទាហាន ក្រោមឱវាទ និងចុះសួរសុទុក្ខដល់យោធិនដែលសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ឬនៅតាមគេហដ្ឋាន ប្រកបដោយមនោសញ្ចេតនា នៃក្ដីអាណិតស្រលាញ់ នឹករឭក និងសម្ដែងនូវការដឹងគុណចំពោះ យោធិនដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរលោកនាយក បាននាំយកនូវអំណោយថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី រួមមាន ថវិកាចំនួន ១ ២០០ ០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់លោកវរសេនីយ៍ឯក អ៊ូ សុខឿន សម្រាប់ជួយសម្រួលដល់ការព្យាបាល៕

ដោយ ណយ នឿន (ប្រភព៖កងទ័ពជើងគោក)





