ពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា នាថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥។

គម្រោងជំនួយនេះមានគោលបំណងបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គមប្រកបដោយសមធម៌ និងស្មើសិទ្ធិដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាលពេញលេញប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែម ដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូប ដោយមិនគិតពីប្រវត្តិ ឬស្ថានភាពរបស់ពួកគេ តែគឺទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។
ក្នុងគម្រោងនៃភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស។ វានឹងផ្តល់ការផ្គត់ផ្គង់ សម្ភារ និងចំណេះដឹងដល់គ្រូបង្រៀន ១០០០០នាក់ និងសិស្ស ៨០ ០០០នាក់ ក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារពិការចំនួន៦០០នាក់ ដើម្បីកែលម្អកម្រិតបឋមសិក្សា និងការរៀនសូត្ររួមបញ្ចូល។ គម្រោងនៃភាពជាដៃគូនេះក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន២០០ និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០នាក់។ បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនក៏នឹងត្រូវបានគាំទ្រក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សា និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមារ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តសិទ្ធិ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





