ប្រមុខក្រសួងមហាផ្ទៃកោតសរសើរចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ ដែលបានអនុវត្តការងារជំនាញ និងនីតិវិធីលើករណីជនសង្ស័យឈ្មោះ ឆេង ភារុណ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអនុវត្តការងារជំនាញ និងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាមទទួល និងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល រហូតដល់មន្ត្រីនគរបាលជំនាញ ដែលបានសហការការងារជំនាញ និងសម្របសម្រួលនីតិវិធីលើករណីនេះយ៉ាងជោគជ័យ។

ជាថ្មីម្តងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទូចម្តងហើយម្តងទៀតឱ្យគ្រប់បណ្តាជនទាំងអស់ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។ ក៏ប៉ុន្តែប្រសិនបើថ្លោះធ្លោយប្រព្រឹត្តត្រូវតែហ៊ានទទួលខុសត្រូវ ចៀសវាងការរត់គេចខ្លួន ព្រោះមិនអាចរត់គេចខ្លួនអស់មួយជីវិតបានទេ ឬត្រូវចូលសារភាពទទួលកំហុសអនុវត្តទោសតាមច្បាប់កំណត់ ដោយពុំចាំបាច់រង់ចាំការអន្ទងពីថ្នាក់ដឹកនាំ ឬអង្គភាពជំនាញណាមួយនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយការភ្ញាក់ខ្លួន និងការចូលខ្លួនសារភាពគឺជាស្ថានភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់នៅតែស្វាគមន៍៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)




