ពិធីបុណ្យសម្ពោធឆ្លងព្រះវិហារក្នុងវត្តអង្គពណ្ណរាយណ៍ នៅស្រុកកណ្តាលស្ទឹង
AKP កណ្ដាល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គពណ្ណរាយណ៍ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីអភិបាលក្រុង ស្រុកទាំង១៣ សិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូប។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ពិធីបុណ្យសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តអង្គពណ្ណរាយណ៍ ដែលកំពុងប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបានបង្ហាញ ឱ្យឃើញពីការរីកចម្រើនបន្ថែមទៀតក្នុងពុទ្ធសាសនា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ការរីកចម្រើននេះគឺពិតជាកើតចេញពីមូលដ្ឋានគ្រឹះដ៍សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមគាំទ្រថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូត ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍកាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។

សូមបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានធ្វើពិធីសម្ពោធឆ្លង នាពេលនេះរួមមាន ទី១. ជួសជុលព្រះវិហារមានខឿន២ជាន់ ដំបូលត្រៃសូរ្យ ប្រក់ក្បឿងស្រកាលិញ មានបណ្តោយប្រវែង ២៥,៣ ម៉ែត្រ ទទឹង ១៣,២ ម៉ែត្រ កម្ពស់ ២១ ម៉ែត្រ។ ទី២. កសាងគំនូរផុសជញ្ជាំងខាងក្រៅព្រះវិហារ ៦ ផ្ទាំង ស្មើនឹង ៩២៦ ម៉ែត្រការ៉េ។ ទី៣. ចាក់បេតុងបំពេញទីធ្លាក្នុងវត្តទំហំ ១ ៧១០ ម៉ែត្រការ៉េ។ ទី៤. ក្រាលឥដ្ឋកន្សែងជុំវិញព្រះវិហារទំហំ ៧១៥ ម៉ែត្រការ៉េ ទី៥. ក្រាលការ៉ូជុំវិញព្រះវិហារជាន់លើទំហំ ១០៥ ម៉ែត្រការ៉េ ទី៦. ជួសជុលខ្លោងទ្វារចំនួន៤ ជុំវិញព្រះវិហារ ទី៧. ដងទង់១គូ និងចាក់ដីបំពេញទីធ្លាក្នុងវត្តចំនួន ៣៤០ ឡាន៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





