ជនភៀសសឹកនិងគ្រួសារអតីតយុទ្ធជន ចំនួន ៦៤៥គ្រួសារ នៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានទទួលព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង តាមរយៈកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--បន្ទាប់ពីបានទទួលព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ដែលបានសន្សំទុកមក ៤០ឆ្នាំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ ថ្មីៗនេះបានចាត់ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយជូនជនភៀសសឹកនិងគ្រួសារអតីតយុទ្ធជនចំនួន ១០៦២ គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ ហើយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បន្តនាំយកព្រះរាជទ្រព្យជូន ជនភៀសសឹកនិងគ្រួសារអតីតយុទ្ធជន ចំនួន ៦៤៥គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន និងបង្កើតជីវភាពថ្មី នៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានសម្ដែងនូវសេចក្តីសោមនស្ស និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ស្ទើរគ្រប់កាលៈទេសៈ ដោយមិនបោះបង់ប្រជាពលរដ្ឋចោលឡើយ។ ឯកឧត្តមបានរាយការណ៍ថា៖ ក្នុងចំណោមប្រជាពលរដ្ឋភៀសសឹកជាង ១៦,៤២០ គ្រួសារដែលបានត្រឡប់ទៅលំនៅឋានវិញ នៅសល់ ៦៤៥ គ្រួសារមកពីតំបន់ក្រហមដែលមានហានិភ័យខ្ពស់ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឱ្យមករស់នៅភូមិតាកឹងបៃតង ដោយមានការកសាងផ្លូវ សាលារៀន ប៉ុស្តិ៍សុខភាព ផ្ទះសម្បែង ព្រមទាំងតបណ្តាញទឹកស្អាត និងអគ្គិសនីដល់ខ្នងផ្ទះ។ ជាមួយគ្នានេះ ក្រុមការងារសាខា និងយុវជនស្ម័គ្រចិត្តបានចុះអប់រំអំពីសុខភាព អនាម័យ ការពារជំងឺ និងការប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពី ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបន្ថែម៖ ទោះបីជាព្រះអង្គមិនបានយាងមកដោយផ្ទាល់ ប៉ុន្តែទឹកព្រះទ័យ និងមនោសញ្ចេតនា គឺនៅជាប់ជាមួយប្រជានុរាស្ត្រជាប់ជានិច្ច ជាពិសេសអ្នកដែលរងគ្រោះដោយសារសង្គ្រាមនៅតាមព្រំដែន (២០២៥-២០២៦)។ លោកជំទាវ បានណែនាំអំពីការថែទាំសុខភាពជូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ក្រើនរំលឹកឱ្យប្រយ័ត្នប្រយែង ការពារកុមារតូចៗពីការខាំនៃមូសខ្លា កើតជំងឺគ្រុនឈាម និងបញ្ជូនទៅប៉ុស្តិ៍សុខភាពជាប្រញាប់ ប្រសិនបើមានអាការៈគ្រុនក្តៅខ្លាំង និងរស់នៅស្អាត ហូបស្អាត មានអនាម័យ និងកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក និងស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យសុខភាពយើងតិច៤ដងមុនសម្រាល។ សូមអ្នកស្ម័គ្រចិត្ត និងយវុជនកាកបាទក្រហមកម្ពុជា បន្តចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីន និងគ្រាប់បែកចង្កោមដែលបន្សល់ទុក ព្រមទាំងការជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។

អំណោយទទួលបានក្នុងមួយគ្រួសារមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា២ដប, ឃីតមួយ (សារុង ក្រមា មុង ភួយ) និងថវិកាមួយចំនួន លោកជំទាវអគ្គលេខាធិការ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជូនដលខ្នងផ្ទះចំនួន ៥គ្រួសារផងដែរ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





