មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ
AKP កណ្ដាល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥-- លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ០២/០២៥ ស.ជ.ណ ស្ដីពីការជ្រើសរើសពលទាហានថ្មីបំពេញក្របខ័ណ្ឌបណ្ដាកងឯកភាពចំណុះយោធភូមិភាគពិសេស របស់អនុគណៈកម្មការជ្រើសរើសយុវជនស័្មគ្រ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេស និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន។

លោកមេបញ្ជាការ លន់ លុច បានដាស់តឿនដល់នាយ ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងត្រៀមកម្លាំង សម្ភារៈប្រើប្រាស់ ដើម្បីចល័តចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមនឹងជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការក៏បានបញ្ជាក់ថា ក្នុងនាមជាកងកម្លាំង ត្រូវតែមានភក្ដីភាពស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ បូរណភាពទឹកដី ការពារសុខសុវត្ថិភាពសាធារណៈជូនប្រជាជន។ ត្រូវមានឆន្ទៈស្មារតីទទួលខុសត្រូវខ្ពស់ទប់ស្កាត់ រាល់សកម្មភាពនៃការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានបំណងធ្វើឱ្យកម្ពុជាមានភាពអសកម្ម លើការអភិវឌ្ឍន៍ប្រទេសជាតិ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





