ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន៖ ដើម្បីស្តារវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវគិតគូរលើ៤ជំហានធំៗ តាមខ្សែច្រវាក់តម្លៃនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ
AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល "ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥" និងកិច្ចពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាង "វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ដើម្បីស្តារវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវគិតគូរលើ ៤ជំហានធំៗ តាមខ្សែច្រវាក់តម្លៃនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ “ពីដើមខ្សែ ដល់ចុងខ្សែ” រួមមាន៖ ទី១. វិធានការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញ៖ ការកំណត់និងទាក់ទាញទីផ្សារអាទិភាព និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ ការកសាងទំនុកចិត្តឡើងវិញ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្តោតលើយុទ្ធសាស្ត្រ "តម្លៃប្រៀបធៀប"។


ទី២. បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត និងការមកដល់៖ ការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត តាមរយៈការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍ ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។ ទី៣. សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្តៅ៖ នេះជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល “លើសពីប្រាសាទ” នៅក្នុងតំបន់អាទិភាពទាំង៦ ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។ ទី៤. ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ៖ ការធានាសន្តិសុខ សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនិងការឆបោក យុទ្ធនាការ “គ្មានប្លាស្ទិក” ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អប្រកបដោយការចងចាំល្អ និងត្រឡប់មកវិញជាលើកទី២។

ឯកឧត្តម ថោង ខុន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាពជោគជ័យនៃបេសកកម្មនេះ មិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែឯងនោះទេ គឺទាមទារចាំបាច់នូវការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្រោមអភិក្រមភាពជាដៃគូ “រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ” ដើម្បីស្រោចស្រង់ និងលើកស្ទួយខេត្តសៀមរាបឱ្យបន្តលេចធ្លោជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជាប្រកបដោយគុណភាពខ្ពស់ និងភាពធន់រឹងមាំ ស្របតាមតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដែលបានលើកឡើងថា “ប្រើនូវកម្លាំងសរុប មធ្យោបាយសរុប ទាញឱ្យបានច្រើន ហើយដាក់ទិសដៅទាញមកសៀមរាប ព្រោះទាញមកសៀមរាប គឺទាញមកកម្ពុជាទាំងមូល”។


សូមជម្រាបថា នៅក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៤៥រូប មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង០៥ (តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”, តំបន់ក្រុងសៀមរាប, តំបន់ការពារប្រាសាទបន្ទាយស្រី និងតំបន់បឹងទន្លេសាប) ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ៕
ដោយ ឃុត សៅ





