ឯកឧត្តម សុត រស្មី អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល គម្រោងការពារច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល លើការងារគម្រោងការពារច្រាំងទន្លេមេគង្គចំនួន២ទីតាំង ដែលបានអនុវត្តសម្រេចបាន១០០ភាគរយ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្ដីបច្ចេកទេសក្រសួង។
ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យផ្ទាល់គម្រោងដែលបានចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល រួមមាន៖ ទី១. គម្រោងការពារច្រាំងទន្លេមេគង្គ (ជំហានទី១) មានប្រវែង ៦០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម (សម្រេចបាន ១០០%)។ ទី២. គម្រោងការពារច្រាំងទន្លេមេគង្គ (ជំហានទី១) មានប្រវែង ៤២០ម៉ែត្រ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (សម្រេចបាន ១០០%)។

សូមជម្រាបថា សំណង់ការពារច្រាំងទន្លេទាំងពីរទីតាំងនេះ ត្រូវបានសាងសង់ឡើងជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងរឹងមាំ ដោយប្រើប្រាស់បច្ចេកទេសរៀបជាសំណាញ់ថ្ម (Gabion Box) និងបាវខ្សាច់ (Geotextile Bags) ប្រកបដោយគុណភាពខ្ពស់ និងសោភ័ណភាព ដើម្បីធានាបាននូវនិរន្តរភាព និងការប្រើប្រាស់យូរអង្វែងសម្រាប់ជាប្រយោជន៍ដល់សាធារណជន។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលបានអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស។
ជាមួយគ្នានេះដែរ ក្នុងដំណើរការអនុវត្តគម្រោង គឺមានកិច្ចសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រមទាំងទទួលបានការអបអរសាទរ និងការថ្លែងអំណរគុណជាអនេកពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ដែលទទួលបានផលប្រយោជន៍ផ្ទាល់ពីសំណង់ការពារច្រាំងទន្លេដ៏រឹងមាំនេះ ប្រកបដោយមោទនភាព៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





