ពិធីបុណ្យឆ្លងកុដិ និងស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេន ព្រះគ្រូសិរីធម្មវស្សា
AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥-- លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេន ព្រះគ្រូសិរីធម្មវស្សា សេង ដា ឱ្យឡើងជាព្រះទេវមុនី ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តធម្មរតនសោភា (ហៅវត្តទ្រា) ភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដោយមានការយាងអញ្ជើញចូលរួមសពីម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងព្រះសង្ឃគ្រប់ឋានុក្រម និងលោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ធជាច្រើននាក់ផងដែរ ។

ក្នុងឱកាសនោះលោក យិន សាវ៉េន បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុករលាប្អៀរ ក៏ដូចជាបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំ និងបានជម្រាបជូនអំពីសភាពការណ៍ក្នុង និងក្រៅប្រទេស ជាពិសេសគឺសមិទ្ធផលដ៏ធំធេង និងជ័យជំនះជាប្រវត្តិសាស្រ្ដ របស់គណបក្សប្រជាជនកម្ពុជានាំមកនូវសុខសន្តិភាព។ សមិទ្ធផលនានាដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះដែលបានឧបត្ថម្ភ និងគាំទ្ររបស់រាជរដ្ឋាភិបាល មានផ្លូវ ក្លោងទ្វារវត្ត ការចាក់ដីបំពេញទីធ្លា របង អណ្តូងទឹក បន្ទប់ទឹក ដាក់អំពូលពន្លឺព្រះអាទិត្យ និងឆ្លងកុដថ្មីមួយថែមទៀត ដែលសមិទ្ធផលទាំងអស់នេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ បងប្អូនប្រជាពលរដ្ឋពុទ្ធិបរិស័ទ្ទ និង សប្បុរសជនក្នុងនិងក្រៅប្រទេសជាច្រើនទៀតផងដែរ។

ទន្ទឹមនឹងនេះលោកបានបន្តថា សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹង និងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកម្ពស់កិត្យានុភាពកត្តាសាមគ្គី និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយនៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានធ្វើការអំពាវនាវផងដែរដល់សមាសភាពអ្នកចូលរួមទាំងអស់ ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាព និងអនាម័យ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។ ប្រជាពលរដ្ឋត្រូវអប់រំកូនចៅ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឱ្យបាននូវការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើងរស់នៅដោយភាពសុខសាន្តសម្បូរសប្បាយ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទៅកាន់ទីកន្លែងណាមួយមិនថាទីជិតឬទីឆ្ងាយនោះទេ៕



ដោយ បៃ ស៊ីថុន





